ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ ដើម្បីសម្រេចបានគោលដៅយុទ្ធសាស្ត្រនៃការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន យើងត្រូវកាត់បន្ថយការឈឺនិងស្លាប់ដែលបណ្តាលមកពីជំងឺផ្សេងៗ ជាពិសេសពីជំងឺមិនឆ្លងនានា និងការលើកកម្ពស់សុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ដើម្បីអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា រាជរដ្ឋាភិបាលបានផ្តោតជាអទិភាពលើកត្តាចំនួន ៥ ដូចជា៖
១- ការបង្កើនគុណភាពសិក្សាអប់រំកីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
២- ការបង្កើនជំនាញ បច្ចេកទេស និងការបណ្តុះបណ្តាល
៣- ការលើកកម្ពស់សុខភាព និងសុខុមាលភាព
៤- ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធអាហាររូបត្ថម្ភ
៥- ការពង្រឹងគុណភាពប្រជាពលរដ្ឋក្នុងសង្គមស៊ីវិល័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២០ មេសា ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីសម្ពោធ អគារមណ្ឌលផ្តល់សេវាវះកាត់ នៅមន្ឌីរពេទ្យបង្អែកខេត្តសៀមរាប។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែប្រ សើរថែមទៀតនោះ គឺរាជរដ្ឋាភិបាលតាំងពីអាណត្តិមុនបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រពង្រីក ពេទ្យក្នុងតំបន់។ រាជរដ្ឋាភិបាលនៅអាណត្តិថ្មីនេះ នៅតែបន្តផែនការយុទ្ធសាស្ត្រពង្រីកពេទ្យតំបន់ឱ្យ បានកាន់តែច្រើន និងប្រសើរថែមទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តថា ៖ ការពង្រីកពេទ្យតំបន់ទី១ គឺធ្វើទំនើបកម្ម ដោយ បំពាក់ឧបករណ៍ទំនើបនៅមន្ទីរពេទ្យ, ទី២ បង្កើនគ្រូពេទ្យជំនាញ ដូចជាគ្រូពេទ្យជំនាញវះកាត់បេះដូង, ព្យាបាលមហារីក និងវះកាត់ព្យាបាលខួរក្បាលជាដើម ៕