ការវាយប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មីនៅតំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងកងកម្លាំងរបបសឹកមីយ៉ាន់ម៉ា នឹងក្រុមប្រដាប់អាវុធជនជាតិភាគតិចបានផ្ទុះឡើងសាជាថ្មីនៅក្បែរទីក្រុងដ៏សំខាន់មួយ ស្ថិតនៅជាប់ព្រំដែនថៃ នៅថ្ងៃសៅរ៍ ទី២០ ខែមេសានេះ ក្រោយពីស្ងប់ស្ងាត់បានមួយសប្ដាហ៍។

ការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងនៅជុំវិញទីក្រុង Myawaddy របស់មីយ៉ាន់ម៉ា ស្ថិតនៅជាប់ព្រំដែនថៃ កាលពីដើមខែមេសានេះ ហើយកងកម្លាំងរបបសឹកបានដកថយចេញពីទីក្រុងនេះ។ ភាពស្ងប់ស្ងាត់មានរយៈពេលត្រឹមតែមួយសប្ដាហ៍ ដោយមិនមានសេចក្ដីរាយការណ៍ពីការវាយប្រយុទ្ធគ្នាទេ បើទោះជាអាស៊ានចេញសេចក្ដីថ្លែងការណ៍បង្ហាញពីការព្រួយបារម្ភពីស្ថានការណ៍នៅមីយ៉ាន់ម៉ាកាលពីថ្ងៃសុក្រ ទី១៩ ខែមេសាកន្លងទៅក៏ដោយ។
អំឡុងការប៉ះទង្គិចគ្នាកាលពីដើមខែ ទាហានរបបសឹកមួយចំនួនបានរត់ទៅជ្រកកោននៅក្រោមស្ពានមួយ ដែលតភ្ជាប់ទីក្រុង Myadwaddy ទៅកាន់ទីក្រុង Mae Sot របស់ថៃ។ នេះបើតាមក្រុមប្រដាប់អាវុធជនជាតិភាគតិច Karen National Union (KNU)។ អ្នកនាំពាក្យ KNU ម្នាក់បានបញ្ជាក់ប្រាប់ AFP ថា កងកម្លាំងរបស់ខ្លួនកំពុងវាយប្រយុទ្ធគ្នាជាមួយកងកម្លាំងរបបសឹកក្នុងទីក្រុង Myawaddy ពិតមែន តែមិនបានបញ្ជាក់អ្វីលម្អិតឡើយ។ រហូតដល់ព្រឹកថ្ងៃសៅរ៍នេះ អង្គភាពយោធាថៃមួយឈរជើងនៅជាប់ព្រំដែនមីយ៉ាន់ម៉ាបានអះអាងថា ការវាយប្រយុទ្ធគ្នាកំពុងកើតឡើង ដោយកងកម្លាំងមួយក្រុមកំពុងវាយប្រហារលើកងកម្លាំងរបបសឹកដែលកំពុងជ្រកកោននៅក្រោមស្ពាន។
គួរបញ្ជាក់ថា Myawaddy គឺជាទីក្រុងពាណិជ្ជកម្មដ៏សំខាន់មួយសម្រាប់របបសឹកមីយ៉ាន់ម៉ា ដែលមានទំហំពាណិជ្ជកម្ម ១.១ពាន់លានដុល្លារឆ្លងកាត់ក្នុងរយៈពេល១២ខែ គិតត្រឹមខែមេសានេះ៕ ដោយធីរីណា

...

រូប​ថត​: Irrawaddy

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print