ខេត្តសៀមរាប ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធអគារមជ្ឈមណ្ឌលផ្តល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប» នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ សមិទ្ធផលធំធេងគួរជាទីមោទនៈជាច្រើន ដែលកម្ពុជាសម្រេចបានក្នុងការអភិវឌ្ឍមូលធនមនុស្ស សុខភាព និងសុខុមាលភាពសង្គមនិងសេដ្ឋកិច្ច នាអំឡុង២ទសវត្សរ៍ចុងក្រោយនេះ នឹងមិនអាចកើតមានបានឡើយបើកម្ពុជាគ្មានសន្តិភាពពេញលេញ គ្មានស្ថិរភាពនយោបាយ និងសន្តិសុខសង្គមទេនោះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ជាមួយគ្នានេះដែរ កំណើនសេដ្ឋកិច្ចដែលរឹងមាំនិងមានសង្គតិភាព បានដើរតួនាទីចម្បងក្នុងការកាត់បន្ថយភាពក្រីក្រ រួមជាមួយការកើនឡើងនៃការទទួលបានសេវាថែទាំសុខភាព ការពង្រីកការគ្របដណ្តប់នៃប្រព័ន្ធគាំពារសង្គមនិងភាពប្រសើរឡើងនៃកត្តាសង្គម ដែលធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាព ជីវភាព និងគុណភាពជីវិតរបស់ប្រជាជនកាន់តែប្រសើរឡើងជាលំដាប់ ព្រមទាំងមានអាយុរំពឹងរស់កាន់តែវែងទៀតផង។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី មានប្រសាសន៍យ៉ាងដូច្នេះថា «ការយកចិត្តទុកដាក់ទៅលើការពង្រឹង និងលើកកម្ពស់សុខភាពមនុស្ស គឺជាគោលដៅចម្បង ដែលអាចឲ្យយើងធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព។ ការអភិវឌ្ឍវិស័យសុខាភិបាលសំខាន់ណាស់ ហើយដើរតួនាទីសំខាន់ក្នុងការរៀបចំបណ្ដុះបណ្ដាលទាំងធនធានមនុស្ស គ្រឿងបំពាក់ ពិសេសសមត្ថភាពមន្ទីរពេទ្យតែម្ដង ហើយនេះជាកិច្ចការសំខាន់សម្រាប់រាជរដ្ឋាភិបាលរបស់យើង»។
បើតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត, សម្រាប់ការពង្រឹងសេវាសុខាភិបាលរបស់រាជរដ្ឋាភិបាល គឺការធ្វើទំនើបកម្ម និងលើកកម្ពស់សមត្ថភាព ក្នុងការផ្ដល់សេវាព្យាបាលជំងឺគ្រប់ប្រភេទ ជាពិសេសជំងឺកម្រិតធ្ងន់ៗ។ ជាច្រើនឆ្នាំណាស់មកហើយ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំក្នុងការអភិវឌ្ឍបង្កើនសមត្ថភាពនេះ ជាពិសេសពេទ្យថ្នាក់ជាតិ នៅរាជធានីភ្នំពេញ ដែលបង្កើននូវសមត្ថភាពក្នុងការព្យាបាល បំពាក់ឧបករណ៍ទំនើប និងការបណ្ដុះបណ្ដាលក្នុងការព្យាបាលជំងឺធ្ងន់ និងស្មុគស្មាញ។
ក្នុងន័យនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រៅពីការខិតខំប្រឹងប្រែងអភិវឌ្ឍន៍ឈានឡើងនោះ ការពង្រឹងគុណភាពព្យាបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ជាចំណុចសំខាន់ ដើម្បីផ្តល់សេវាសង្គ្រោះបឋម និងជំងឺផ្សេងៗទៀត។ សម្ដេចបានសង្កត់ធ្ងន់ថា គោលដៅរបស់រាជរដ្ឋាភិបាល ធ្វើឲ្យមណ្ឌលសុខភាពបើកហើយ គឺមិនបិទវិញទេ ពោលបើកហើយត្រូវមានគ្រូពេទ្យផ្តល់សេវា២៤ម៉ោង៕