ក្រុងរុនតាឯក និងពាក់ស្នែង បាននឹងកំពុងប្រែក្លាយឱ្យទៅជាបុរីជនបទគំរូរបស់កម្ពុជា

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប បាននិងកំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្នុងក្រុងរុនតាឯក និងពាក់ស្នែង ដើម្បីគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ទាំងពីរ។ នេះជាការបញ្ជាក់ពី លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។

លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ៖ ជាមួយគ្នានេះ យើងក៏បានបំពេញកាតព្វកិច្ចក្នុងការការពារ និងថែរក្សាមរតកដ៏មានតម្លៃពីដូនតាខ្មែរឱ្យបានគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។
សូមបញ្ជាក់ថា ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្លាប់បានបង្ហាញការប្តេជ្ញាចិត្តបន្តស្មារតីពីសម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិវឌ្ឍតំបន់អភិវឌ្ឍន៍រុនតាឯក និងតំបន់ពាក់ស្នែងឱ្យកាន់តែល្អប្រសើរសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីបានពន្យល់បន្ថែមនូវការអភិវឌ្ឍតំបន់អភិវឌ្ឍន៍រុនតាឯកនេះ ពោលគឺដើម្បីកសាងតំបន់លំនៅដ្ឋានថ្មីជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តផ្លាស់ទីលំនៅពីតំបន់អង្គរ ដែលចាំបាច់ត្រូវតែអនុវត្តតាមលក្ខខណ្ឌរបស់អង្គការយូណេស្កូ។ ទាំងនេះគឺជាអ្វីដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះតំបន់អង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងចំពោះប្រជាពលរដ្ឋទាំងឡាយដែលត្រូវការដីធ្លី លំនៅដ្ឋាន មុខរបរ ការងារ ក៏ដូចជាត្រូវការការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋណាម្នាក់ចោលនោះឡើយ គ្រាន់តែការអនុវត្តគឺមិនអាចសម្រេចក្នុងពេល១ថ្ងៃ ឬ១ខែ ឬក៏១ឆ្នាំបានឡើយ តែយ៉ាងណារាជរដ្ឋាភិបាលនៅតែខិតខំសស្រាក់សស្រាំក្នុងការជួយប្រជាពលរដ្ឋ។
សម្ដេចធិបតីបានថ្លែងថា «រវាងសម្បត្តិបេតិកភណ្ឌ និងប្រជាពលរដ្ឋ គឺរាជរដ្ឋាភិបាលជ្រើសរើសទាំងពីរ, ការជ្រើសរើសគឺមិនលំបាកទេ តែអ្វីដែលលំបាកគឺយើងត្រូវសម្រេចយ៉ាងណា ដូច្នេះហើយទើបរាជរដ្ឋាភិបាលបានរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯកនេះ ដើម្បីកសាងទីតាំងថ្មីជូនប្រជាពលរដ្ឋដែលស្ម័គ្រផ្លាស់ទីពីតំបន់អង្គរ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា សម្ដេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រី បានចុះមកទីនេះ៤ដងក្នុងរយៈពេលមិនដល់១ឆ្នាំផង ហើយសម្ដេចធិបតីដែលជានាយករដ្ឋមន្ត្រីបន្តវេន ក៏បានមកកាន់ទីនេះទៀត គឺដើម្បីបញ្ជាក់ការប្ដេជ្ញាចិត្តជំរុញការកសាងទីកន្លែងនេះជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print