Update ÷ ផ្ទុះគ្រាប់បេ៤១បណ្ដាលឱ្យស្លាប់មនុស្សប្រុសស្រីចំនួន ៤នាក់ និងរងរបួសចំនួន ២នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ មនុស្សប្រុសស្រីចំនួន ៤នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសចំនួន២នាក់ ដោយសារផ្ទុះគ្រាប់បេ៤១សំណល់សល់ពីសង្គ្រាម។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២០ ខែ មេសា ឆ្នាំ២០២៤ ជនរងគ្រោះរស់នៅក្នុងភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

   បើតាមការបញ្ជាក់ពីស្ត្រីរងរបួសនៅក្នុងហេតុការណ៍នោះបានឱ្យដឹងថា កាលពីរសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២៤ ពួកគាត់បានចេញដំណើរពីលំនៅឋាន ដើម្បីទៅរកផលអនុផលព្រៃឈើ (ជ័រចុង) ដើម្បីយកមកលក់ដោះដូរជីវភាពប្រចាំថ្ងៃ ដែលមានចម្ងាយប្រហែលជា ១០គីឡូម៉ែត្រ ។ ពួកគាត់មានចំនួន ២គ្រួសារ ស្មើនឹង៦នាក់ ហើយក៏បានឈប់សម្រាកនៅក្រោមដើមឈើកន្លែងកើតហេតុ ពេលនោះក្មេងប្រុសម្នាក់មានអាយុ១០ឆ្នាំបានប្រទះឃើញគ្រាប់បេ៤១ និងបានលើកយកមកបង្ហាញ។ នៅពេលនោះជីតាបានស្រែកប្រាប់ថា កុំលេងប្រយ័ត្នផ្ទុះ ។ នៅពេលនោះស្ត្រីដែលរងរបួសបាននាំកូនតូចអាយុ៦ឆ្នាំចេញពីចំណុចនោះ តែមិនបានប៉ុន្មានផង គ្រាប់បេនោះបានរបូតពីដៃក្មេងប្រុសធ្លាក់មកបុកនឹងដីបណ្តាលឱ្យផ្ទុះ ។ 

   បន្ទាប់មកស្ត្រីនិងក្មេងស្រីរងរបួសបានធ្វើដំណើរមកភូមិរកគេជួយ និងរាយការណ៍មកមន្ទីរពេទ្យបង្អែកក្រុងសែនមនោរម្យ ដើម្បីជួយសង្គ្រោះ។ ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានសហការជាមួយកម្លាំងអធិការដ្ឋានក្រុងសែនមនោរម្យចុះទៅកន្លែងកើតហេតុ បានឃើញសពជនរងគ្រោះប្រុសស្រីទាំង ៤នាក់ស្លាប់យ៉ាងអាណោចអាធ័ម និងពិនិត្យអំបែងគ្រាប់បានសន្និដ្ឋានថា គ្រាប់ដែលផ្ទុះ គឺគ្រាប់បេស៤១ ។ 

   ចំពោះសពប្រុសស្រីចំនួន៤នាក់ត្រូវបានសមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋធ្វើការបញ្ចុះនៅទីតាំងម្ដុំកើតហេតុនោះ ដោយសារអបិយជំនឿជនជាតិដើមភាគតិចព្នងថាចង្រៃ មិនឱ្យយកសពមកតម្កល់ធ្វើបុណ្យប្រពៃណីនៅក្នុងភូមិឡើយ។ 

   ជនរងគ្រោះដែលស្លាប់ទី១-ឈ្មោះ ជើម ក្លឹប ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិព្នង,ទី២-ឈ្មោះ ក្លេវ ដា ភេទប្រុស អាយុ ៣៧ ឆ្នាំ ជនជាតិព្នង,ទី៣-ឈ្មោះ ដា  ហាត់ ភេទស្រី អាយុ ១៣ឆ្នាំ ជនជាតិព្នង និងទី៤-ឈ្មោះ ដា សា ភេទប្រុស អាយុ ១០ឆ្នាំ ជនជាតិព្នង ។ ចំណែកអ្នករងរបួសទី១-ឈ្មោះ តែក ខ្លូង ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិព្នង និងទី២-ឈ្មោះ ដា វាសនា ភេទស្រី អាយុ ៦ឆ្នាំ ជនជាតិព្នង៕ ដោយសុរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print