ជនសង្ស័យចំនួន៥នាក់​ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យ​ទាំង៥នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងនៅរសៀលថ្ងៃអាទិត្យ ទី២១​ ខែមេសា ឆ្នាំ​២០២៤នេះ​ ដើម្បីអនុវត្តតាមនីតិវិធី៕
សមត្ថកិច្ចប្រាប់ថាៈកាលពីរវេលាម៉ោង០២និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានធ្វើប្រតិបត្តិការបង្រ្កាបករណី រក្សាទុក​ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន នៅចំណុចលើផ្លូវមុខក្លឹប​ Max Club ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន ០៥នាក់ ៖​ ១-ឈ្មោះ ខិញ សុភា ហៅ គោ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់),​ ២-ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់),​ ៣-ឈ្មោះ សំ សុធា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាពសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(រក្សាទុក និងប្រើប្រាស់),​ ៤-ឈ្មោះ សែម សុខ ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប​ ទីលំនៅបច្ចុប្បន្នភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត(ជួញដូរ),​ ៥-ឈ្មោះ ហង្ស សំណាង ហៅ ឆាយ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករអូសរទេះ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(ជួញដូរ និងប្រើប្រាស់)។
សមត្ថកិច្ចបញ្ជាក៎ថាៈក្នុងប្រតិបត្តិការនោះ​កម្លាំងអាវុធហត្ថ​ចាប់យកសម្ភារៈវត្ថុតាងរួមមានៈគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន០២ថង់កិបធំ និង ១៣៣កូនថង់កិប ទម្ងន់ ៤២៣,៩៦ក្រាម,-គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងផ្លែឈើពណ៌ត្រួយចេក និងរាងជ្រុងពណ៌ផ្ទៃមេឃ (អ៊ិចស្តាស៊ី) ចំនួន ៤២ថង់កិប ស្មើនឹង ៧០១គ្រាប់ ទម្ងន់ ៣២៨,៩ក្រាម,​ -កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម, កញ្ចប់ម្ស៉ៅរូបផ្លែទំពាំងបាយជូរ ពណ៌ក្រហម និងពណ៌ស្វាយ (អ៊ិចស្តាស៊ី) ចំនួន ៣០កញ្ចប់ ទម្ងន់ ៣៣២,៣៥ក្រាម-ម្ស៉ៅម៉ត់ពណ៌ទឹកដោះគោ ចំនួន ០៦កូនថង់កិប ទម្ងន់ ៤៨,៣ក្រាម​,​ -ជញ្ជីងសម្រាប់ថ្លឹង ចំនួន ០១គ្រឿង,​ -ម៉ូតូ ចំនួន ០៣គ្រឿង,​ ​-ទូរស័ព្ទ ចំនួន ០៧គ្រឿង​ រួមនងវត្ថុតាងមួយចំនួនទៀត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានឱ្យដឹងថា​ មុនឈានដល់ការបង្ក្រាបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការចុះល្បាតការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រក្រុង លុះដល់ចំណុចខាងលេីកម្លាំងបានប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ខិញ សុភា ហៅគោ ដោយមានការសង្ស័យកម្លាំងបានហៅសួរនាំព្រមទាំងបានធ្វើការឆែកឆេរលើខ្លួនរកឃើញគ្រឿងញៀន​ ហើយធ្វើការឃាត់ខ្លួនភ្លាមៗតែម្ដងហើយបញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី។
លោកបានបន្តថា​ ដោយមានការសហការពីជនសង្ស័យ​ កម្លាំងបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត​ ឈ្មោះ អៀង ចាន់ដារ៉ា ហៅ រ៉ា​ ដកហូតវត្ថុតាងរួមមាន​គ្រឿងញៀនមួយចំនួនទៀត និងបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៣នាក់បន្ថែមទៀត​ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន​ និងសួរនាំរួច​ ជនសង្ស័យទាំង៥នាក់​ បានឆ្លេីយសារភាពថា ខ្លួនពិតជាបានរក្សាទុក​ ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀនពិតប្រាកដមែន​។ ដោយផ្អែកលេីចម្លេីយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យ​ទាំង៥នាក់រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ​កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង ដើម្បីអនុវត្តតាមនីតិវិធី៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print