ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ ឃាត់ខ្លួនជនសង្ស័យ(ក្មេងទំនើង)២នាក់ ទៅបន្តនីតិវិធីនៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោយពួកគេកាប់បំផ្លាញម៉ូតូ១គ្រឿងនៅកណ្ដាលក្រុង ប៉ុន្តែសំណាងល្អម្ចាស់រត់គេចរួចខ្លួនទាន់ ដែលបញ្ហានេះផ្ដើមចេញអំពីមើលមុខគ្នាទៅវិញទៅមក នៅគ្រាកំពុងធ្វើដំណើរស្របទិសគ្នា ។
ហេតុការណ៍ឃាត់ខ្លួនក្មេងទំនើងខាងលើនេះ បានបង្កឡើងនៅផ្លូវកៅស៊ូក្បែហាងលក់ដូរ(២៥០០)ស្ថិតនៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ជនសង្ស័យបង្កទី-១ ឈ្មោះ សារឿន រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិស្ពានថ្ម សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ និងទី-២ ឈ្មោះ ឈឿន ចាន់ថា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ(ចុងភៅ)ក្នុងនោះមានវត្ថុតាងកាំបិត១ដើមផងដែរ។ ចំណែកម្ចាស់ម៉ូតូរងការកាប់បំផ្លាញម៉ាក ស្កូពី ពណ៏ផ្កាឈូក គ្មានស្លាកលេខ ឈ្មោះ រិន្ទ ដេវីត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិពោធិ៍អណ្ដោត សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ បញ្ជាក់! ម្ចាស់ម៉ូតូរងការខូចខាត(រិន្ទ ដេវីត)មិនរងរួសទេ(រត់គេចខ្លួនទាន់)។
រិន្ទ ដេវីត ម្ចាស់ម៉ូតូរងការកាប់បំផ្លាញពីជនសង្ស័យ បានរាបរបប្រាប់សមត្ថកិច្ចនគរបាលអំពីមូលហេតុ ខ្លួនពុំដឹងមកពីអ្វីឲ្យច្បាស់នោះទេ ព្រោះខ្លួនកំពុងជិះម៉ូតូលើដងផ្លូវសុខៗ ស្រាប់តែក្រុមជនសង្ស័យកាក់ម៉ូតូខ្លួនមានទាំងកាំបិតផ្គាក់ ខ្លួនភ័យពេកផ្ដួលម៉ូតូរត់យកតែរួចខ្លួន ធ្វើឲ្យពួកវាកាប់ម៉ូតូរួចគេចខ្លួនបាត់អស់ ។ បន្ទាប់ទទួលបានព័ត៌មាន សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រាវជ្រាវឈានដល់ឃាត់ខ្លួនជាបន្តបន្ទាប់ ជនសង្ស័យ(សារឿន រដ្ឋា និងឈឿន ចាន់ថា)បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ជនរងគ្រោះ(ម្ចាស់ម៉ូតូស្កូពី)មើលមុខពួកខ្លួនខណៈពួកគេកំពុងស្រវឹងស្រាស្រឿងៗ បញ្ជាក់ៈ ជនសង្ស័យ(សារឿន រដ្ឋា និងឈឿន ចាន់ថា)តេស្តទឹកនោមរកសារធាតុញៀន(វិជ្ជមាន)បច្ចុប្បន្ន ជនសង្ស័យកំពុងបន្តនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។
នេះបើតាមការបញ្ជាក់ពី លោក ឧត្ដមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ឆ្នាំ២០២៤ នេះ ៕ ដោយៈ ប៉ឹម ពិន