ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញថ្លែងក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP)។
នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីបាងកក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីបើកសន្និបាតប្រចាំឆ្នាំលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP) ក្រោមប្រធានបទ “ការប្រើប្រាស់ នវានុវត្តន៍ឌីជីថល សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ី-ប៉ាស៊ីហ្វិក” ។
មានប្រសាសន៍នៅក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នវានុវត្តន៍ឌីជីថល មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ជាពិសេស នៅក្នុងការដោះស្រាយបញ្ហាវិសមភាព ដែលបានបង្កឡើងដោយជំងឺកូវីដ-១៩ ក៏ដូចជាការឆ្លើយតបឱ្យទាន់ពេល ទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋ ។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា យើងអាចបង្រួមគម្លាត ក្នុងការទទួលបានឱកាស និងសេវាកម្មសំខាន់ៗ ពោលគឺ អាចធ្វើឱ្យយើងចែករំលែកបាននូវផ្លែផ្កានៃការអភិវឌ្ឍ ដល់ប្រជាពលរដ្ឋគ្រប់ៗរូបស្មើៗគ្នា ។ ដូចបណ្តាប្រទេសនានាដែរ កម្ពុជា បានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាចលករដ៏សំខាន់ ក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម ៤.០ ដោយសារ បច្ចេកវិទ្យាឌីជីថល អាចបង្កើតក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចថ្មីៗ និងបង្កើនការទទួលបានសេវាសាធារណៈ ចាំបាច់ ក៏ដូចជាកសាងសង្គមទំនើប និងស៊ីវីល័យមួយ ដែលពលរដ្ឋអាចទទួលបាននូវ ផលប្រយោជន៍ ប្រកបដោយបរិយាបន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ។ ទន្ទឹមនេះ បច្ចេកវិទ្យាឌីជីថល អាចជួយ រក្សាបាននូវអត្តសញ្ញាណ និង វប្បធម៌ជាតិ ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា, ពោលគឺបច្ចេកវិទ្យាឌីជីថល ដែលជាអាទិភាពថ្មីមួយ កំណត់នៅក្នុងបញ្ចកោណទី៥ គឺ «ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល» ។ បន្ថែមលើនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥», «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» «គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យា ហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» និង «គោលនយោបាយជាតិស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ឆ្នាំ ២០២០-២០៣០» ។ល។
ក្នុងបរិបទសកល និងតំបន់, កម្ពុជា បាន និង កំពុងចូលរួមយ៉ាងបុរេសកម្ម ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយ ឌីជីថល សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលក្នុងតំបន់ និងសកល រួមមានដូចជា «ផែនការមេ ឌីជីថលអាស៊ាន២០២៥» និង «យុទ្ធសាស្ត្រឌីជីថល២០២២-២០២៥» របស់អង្គការ សហប្រជាជាតិ ។ ទន្ទឹមនេះ កម្ពុជា បាន និងកំពុងចូលរួមក្នុងគំនិតផ្តួចផ្តើមឌីជីថលអាស៊ានផ្សេងៗ ជាពិសេសការរៀបចំ កិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលមានគោលបំណង ក្នុងការផ្តល់ជាអភិក្រមយុទ្ធសាស្ត្រ និងពេញលេញកម្រិតតំបន់ ក្នុងការលើកកម្ពស់ការធ្វើឌីជីថលូបនីយកម្ម ក្នុងតំបន់ ប្រកបដោយ បរិយាបន្ន និងទាន់ពេល។ លើសពីនេះ អាស៊ានក៏បានចាត់ទុកសេដ្ឋកិច្ចឌីជីថល ជាជំពូកអាទិភាពមួយ នៅក្នុង កិច្ចព្រមព្រៀងនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-ណូវែលហ្សេឡង់ (AANZFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA 3.0) ក៏ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយតំបន់ (RCEP) ។
សម្តេចធិបតី បានបង្ហាញនូវក្តីសង្ឃឹមជឿជាក់ថា តាមរយៈវេទិកានេះ នឹងអាចរួមគ្នាដោះស្រាយបាននូវ
បញ្ហាប្រឈមមួយចំនួន ដូចជា គម្លាតឌីជីថលទាំងរវាងប្រទេស និង ប្រទេស និងរវាងទីក្រុង និងជនបទ កង្វះហេដ្ឋារចនាសម្ព័ន្ធ និង ការទទួលបានសេវាអ៊ីនធឺណិតដែលមានគុណភាព, អក្ខរកម្មឌីជីថលរបស់ ប្រជាពលរដ្ឋនៅមានកម្រិត កង្វះការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល, កង្វះការធ្វើពាណិជ្ជកម្ម និង សេវាកម្មឌីជីថល បញ្ហាសន្តិសុខសាយប័រ និង បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ។ល។ ដើម្បីឆ្លើយតប ឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋក្នុងអាស៊ី-ប៉ាស៊ីហ្វិក ក្នុងដំណើរឆ្ពោះទៅកាន់ សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ ។
ជាចុងក្រោយ ជាមួយនឹងបញ្ហាប្រឈមរួមនៃតំបន់ និងសកល សម្តេចធិបតី ក៏បានលើកឡើងអំពី បញ្ហានៃការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនៅកម្ពុជា ដែលនៅតែជាឧបសគ្គដ៏ធំមួយ សម្រាប់ការអភិវឌ្ឍជារួម បូករួមទាំងការបង្រួមគម្លាតឌីជីថល និងការទទួលបាននូវសេវាអ៊ីនធឺណិត ដែលមានគុណភាព ។ ដោយទទួលស្គាល់នូវភាពចាំបាច់នៃបញ្ហានេះ សកម្មភាពមីនត្រូវបានបញ្ចូលទៅជា គោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា ។ កម្ពុជា នៅតែមានការប្តេជ្ញាចិត្តខ្ពស់ នៅក្នុងការអនុវត្តកាតព្វកិច្ច ដែលមានចែងក្នុងអនុសញ្ញាស្តីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីន ឬ ហៅកាត់ថា អនុសញ្ញាអូតាវ៉ា ។ ទន្ទឹមនេះ ក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំនេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញលើកទី ៥ ក្រោមប្រធាបទ “កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីអំពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ ថ្ងៃ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្នុងនេះ សម្តេចធិបតី បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលុបបំបាត់នូវអាវុធដ៏សាហាវនេះ ក៏ដូចជាគាំទ្រ និងចូលរួមនៅក្នុង ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះគណៈកម្មការ ESCAP ដែលបាន ជួយគាំទ្រដល់កម្ពុជាក្នុងការរៀបចំសេចក្តីព្រាងគោលនយោបាយជាតិសកម្មភាពមីន ដែលជាលើកដំបូង សម្រាប់គណ:កម្មការ ESCAP ចូលរួមក្នុងសកម្មភាពពាក់ព័ន្ធនឹងមីន ៕