ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូលឿនជ្រុលបុកពីក្រោយរថយន្តសណ្តោងទូកុងតឺន័រ កំពុងចតឈប់តាមផ្លូវ បណ្តាលឱ្យរងរបួសបាក់ជើងស្តាំ ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចំណុចភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ធឿន ប៊ុននី អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IK-2235 ជាមធ្យោបាយ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ជារៀងរាល់យប់ទៅហើយគេឃើញមានរថយន្តធុនធំ រថយន្តកុងតឺន័រ រថយន្តដឹកទំនិញ ចតឈប់ ម្ចាស់អ្នកបើកបរ ដេកតាមផ្លូវ ចំណុចខាងលើ ហើយមុនកើតហេតុនេះ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម លឿនពីកើតទៅលិច ជ្រុលបុកពីក្រោយរថយន្តសណ្តោងទូកុងតឺន័រ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-9433 សណ្តោងរុឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8566 ដែលចតឈប់ នៅតាមផ្លូវ បណ្តាលរងរបួសធ្ងន់បាក់ជើងស្តាំ ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុៈ ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅខណ្ឌពោធិ៍សែនជ័យ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕ជ្រោយពេជ្រ