ខេត្តកែប ៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ៖ អាជ្ញាធរពាក់ព័ន្ធ ខណ្ឌរដ្ឋបាលជលផលកែប និងអង្គការ MCC បានសហការលែងអណ្ដេីកសមុទ្រចំនួន ០២ក្បាល ដែលទទួលបានពីប្រជានេសាទ ចូលក្នុងសមុទ្រកែបវិញ ។
សូមបញ្ជាក់ថា ៖ លើកកម្ពស់សត្វកម្រក្នុងសមុទ្រជាកត្តាជួយដល់វិស័យទេសចរណ៍។ កន្លងទៅ លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកឡើង កាលថ្ងៃទី ២ ខែឧសភាឆ្នាំ២០២៣ថា ៖ សត្វសមុទ្រដែល កំពុងរងគ្រោះថ្នាក់មាន ២៩ ប្រភេទ មន្ត្រីជំនាញពាក់ព័ន្ធ និងប្រជានេសាទអាចរួមគ្នា អភិរក្សធនធាន និងជីវៈចម្រុះ ពិសេសសត្វសមុទ្រកម្រទាំងនោះឱ្យបានល្អ។
សូមជម្រាបថា ៖ ខេត្តកែបនឹងបំពេញគ្រប់លក្ខខ័ណ្ឌជាខេត្តទេសចរណ៍តំបន់ឆ្នេរ ដែលមានគ្រប់សក្តានុពលទាំងអស់ ហើយភ្ញៀវទេសចរនឹងមកលេងច្រើនជាពិសេសតាមប្រជុំកោះទាំង១៣ ដើម្បីទៅទស្សនា សត្វសមុទ្រកម្រទាំងនោះ មានសត្វផ្សោត ជ្រូកទឹក អណ្តើកសមុទ្រ សេះសមុទ្រ ផ្កាថ្មជាដើម។
ការអភិរក្សសត្វសមុទ្រ គឺជាតួនាទីរបស់យើងទាំងអស់គ្នា មិនមែនសម្រាប់សមត្ថកិច្ច មន្ត្រីជំនាញ ប្រជានេសាទនោះទេ ប៉ុន្តែប្រជាពលរដ្ឋទូទៅក៏អាចចូលរួមបាន តាមរយៈការលើកទឹកចិត្តមិនឲ្យមានការធ្វើចរាចរសត្វទាំងនោះ ការអប់រំផ្សព្វផ្សាយអំពីសារៈសំខាន់របស់ធនធានសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់ ការផ្សព្វផ្សាយអំពីឧបករណ៍ហាមឃាត់ ឬខុសច្បាប់ និងទោសទណ្ឌនៃបទល្មើសនេសាទផ្សេងៗជាដើម។ ការចូលរួមអភិរក្សសត្វសមុទ្រកម្រ និងកំពុងរងគ្រោះថ្នាក់ ឲ្យមានភាពល្អប្រសើរឡើងវិញ គឺវានឹងជួយដល់ការលើកកម្ពស់ដល់វិស័យទេសចរណ៍របស់ខេត្ត។
គួររម្លឹកថា ៖ នាយកប្រតិបត្តិ អង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បានឲ្យដឹងថា ៖ ខេត្តកែបមានផ្សោតសមុទ្រក្បាលត្រឡោក ៣២ក្បាល ដែលបានធ្វើអត្តសញ្ញាណរួច (Photo ID) ក្នុងចំណោមសត្វផ្សោតសរុប ជាង៧០ក្បាល។
ជ្រូកទឹកសមុទ្រ Dugong ៤ក្បាល ល្មិចសមុទ្រ(អណ្តើក) ត្រូវបានជួយសង្គ្រោះជាង ៧០ក្បាល សេះសមុទ្រនៅតំបន់ប្រជុំកោះអាចម៌សេះមាន៤ប្រភេទ និងផ្កាថ្មនៅតំបន់អភិរក្ស កោះអាចម៌ សេះដែរមានចំនួន១៥ អំបូរ។
យេីងរួមគ្នារក្សាការពារអភិរក្សធនធានសមុទ្រនៅក្នុងព្រះរាជាណាចក្រកម្ពុជាយេីង! ៕