នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសតែងតាំង លោក សេង សុភាព ជាមេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤  នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរូមពី លោកប្រធានក្រុមប្រឹក្សាខេត្ត លោក អភិបាលនៃគណៈអភិបាលខេត្ត លោកអ្នកឧកញ៉ា មន្ត្រីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា បានឱ្យដឹងថាយោងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីកំណែទម្រង់កងកម្លាំងប្រដាប់ អាវុធ និងយុទ្ធសាស្ត្រធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ៥ឆ្នាំ កងរាជអាវុធហត្ថបានសម្រួចការធ្វើកំណែទម្រង់ឆ្ពោះទៅ (ប្រមូលផ្តុំ, រៀបរយ, ទំនើបកម្ម និងប្រសិទ្ធភាព)។

សម្រាប់ពិធីនាពេលនេះ ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់ អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរ បរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែងគឺមានអត្ថប្រយោជន៍ ៤ជាគន្លឹះ (នោះមិនទាន់គិតអំពីការអនុវត្តច្បាប់ ចំពោះយោធិនដែលដល់អាយុ ៦០ឆ្នាំ ហើយដាក់ឱ្យចូលនិវត្តន៍ ថែមទៀតផង)៖

១-  ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន

២-  រៀបចំធនធានមនុស្សឱ្យស្របនិងសមត្ថភាពជំនាញ និងនិស្ស័យ

៣-  ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន

៤-  ជាការផ្លាស់ប្តូរបរិយាកាសការងារ ចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឱ្យស្ថាប័ន អង្គភាព រីកចម្រើនព្រមៗគ្នា។ ម្យ៉ាងទៀត មានឱកាសទទួលបានការសិក្សា រៀនសូត្រ ដើម្បីបង្កើនសមត្ថភាព តាមឱ្យទាន់ការវិវឌ្ឍន៍ថ្មីៗនៃសភាពការណ៍។

លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណសម្បត្តិ ៤យ៉ាងគឺ៖

១- សុខភាពល្អ កាយសប្បទាមាំមួន

២- មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ

៣- មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលៈបង់ ឧស្សាហព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកនៃកងយោធពលខេមរភូមិន្ទឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន

៤-  ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវឧបករណ៍បច្ចេកវិទ្យាព័ត៌មាន។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងថា ៖ ឆ្លៀតឱកាសនេះ ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌីដែលបានជួយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំ បញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តកំពង់ចាម សម្រេចបាននូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយ កិត្តិយស ទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទី ភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។

គណៈអធិបតី ភ្ញៀវកិត្តិយស ជាទីគោរព !

អង្គពិធីទាំងមូល ជាទីមេត្រី !

ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោកឧត្តមសេនីយ៍ត្រី សេង សុភាព គម្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូល ចំនួន ៣គឺ៖

១-  ការងារគ្រប់គ្រង

ការគ្រប់គ្រងមនុស្ស ត្រូវយល់ដឹងនិងអនុវត្ត ៧ចំណុច ដូចខាងក្រោម៖

ក-  ហូប

ខ-  ស្លៀកពាក់

គ-  ស្នាក់នៅ

ឃ-  សុខភាព

ង-  អប់រំ រៀនសូត្រ

ច-  មធ្យោបាយធ្វើដំណើរ

ឆ-  កំសាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក

ការងារ ថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់

ការងារ គ្រប់គ្រងអចលនទ្រព្យ

ដំណើរការ ការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព

២-  ការងារកសាងអង្គភាព

ទីកន្លែងធ្វើការងារ (អគារ,ការិយាល័យ និងកន្លែងធ្វើការងារ)

ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ

ទីកន្លែងសម្រាប់ការស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព

៣-  ការងារដឹកនាំ គ្រប់គ្រង បញ្ជា

អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន  ឧស្សាហ៍ព្យាយាម យល់ច្បាស់ តួនាទី ភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច។ ដើម្បីសម្រេចបាននូវតួនាទី ភារកិច្ចខាងលើ ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកទាំង ៤ឃ្លា ដូចខាងក្រោម៖

ចំពោះប្រទេសជាតិ ត្រូវតែការពារ

ចំពោះប្រជា ត្រូវតែបម្រើ

ច្បាប់ ត្រូវតែគោរព

បទល្មើស ត្រូវតែបង្ក្រាប

សូមបញ្ជាក់ថា៖ បុគ្គលិកគឺមានចំនួនដដែល  ថវិកាក៏មានចំនួនដដែល ឱកាសគឺ ៥ឆ្នាំ បើធ្វើបានល្អ បន្ថែម ៥ឆ្នាំបន្ត ប៉ុន្តែ រយៈពេល ២ឆ្នាំកន្លះ នឹងត្រូវធ្វើការត្រួតពិនិត្យ-វាយតម្លៃ បើគ្មានការវិវឌ្ឍជឿនលឿនថ្មី តាមការចង្អុលបង្ហាញដូចដែលបានរៀបរាប់ខាងលើទេ  ត្រូវធ្វើការពិនិត្យ-វាយតម្លៃ ដើម្បីផ្លាស់ប្តូរ រកអ្នកមានសមត្ថភាព និងលក្ខណសម្បត្តិដូចបានលើកឡើងខាងលើ។ ក្នុងការអនុវត្តតួនាទី ភារកិច្ច ត្រូវប្រកាន់ខ្ជាប់ការគោរពសិទ្ធិសេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស រីឯការអនុវត្តតួនាទី ភារកិច្ចផ្នែកនគរបាលយុត្តិធម៌ ត្រូវយកចិត្តទុកដាក់លើផ្នែកនីតិវិធី។

នាយឧត្តមសេនីយ៍ សៅ សុខា បន្តថា ៖ ខ្ញុំសង្ឃឹមជឿជាក់ លើស្មារតីទទួលខុសត្រូវរបស់អស់លោក តាមតួនាទី ភារកិច្ច រៀងៗខ្លួន។

១-  ខ្ញុំសូមប្រគល់ជូនលោក អភិបាល នៃគណៈអភិបាលខេត្ត ជួយគាំទ្រ ដឹកនាំចង្អុលការតាមភារកិច្ចជាក់ស្តែង

២-  ខ្ញុំសូមប្រគល់ជូនលោកប្រធានតុលាការ ចៅក្រម ព្រះរាជអាជ្ញា ដឹកនាំសម្របសម្រួលកិច្ចការនគរបាលយុត្តិធម៌ ដោយមានការទទួលខុសត្រូវ

៣-  ខ្ញុំសូមប្រគល់ជូនប្រជាជន តាមដាននូវការអនុវត្តការអនុវត្តន៍តួនាទី ភារកិច្ច និងវិន័យកងរាជអាវុធហត្ថ និងរួមគ្នាគោរពច្បាប់ ដើម្បីកសាងកម្ពុជាជា ព្រះរាជាណាចក្រនីតិរដ្ឋ

៤-  ខ្ញុំសូមអំពាវនាវប្រព័ន្ធផ្សព្វផ្សាយ ជួយតាមដានការអនុវត្តន៍តួនាទី ភារកិច្ច ក៏ដូចជាវិន័យកងរាជអាវុធហត្ថ ផ្តល់នូវរាល់ព័ត៌មានពិត ដើម្បីចូលរួមកសាង កងរាជអាវុធហត្ថមួយឱ្យក្លាយទៅជាកម្លាំងរបស់ជាតិ ដែលបង្កើតឡើងដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ។

លោកថា ៖ សារជាថ្មីម្តងទៀត ខ្ញុំសូមថ្លែងអំណរគុណចំពោះវត្តមាន ឯកឧត្តម ប្រធានក្រុម ប្រឹក្សាខេត្ត លោក អភិបាល នៃគណៈអភិបាលខេត្ត អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ ស្ថាប័ន អង្គភាព ស្នងការ មេបញ្ជាការ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ដែលញ៉ាំងធ្វើឱ្យពិធីនេះ មានអត្ថន័យ និងកិត្តិយសក្រៃលែង។

សូមជូនពរ អ្នកឧកញ៉ា លោកឧកញ៉ា  លោក លោកស្រី ភ្ញៀវកិត្តិយស ប្រធានស្ថាប័ន អង្គភាព នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ និងអង្គពិធីទាំងមូល ប្រកបទៅដោយពុទ្ធពរ និងពរទាំងឡាយគឺ អាយុ វណ្ណៈ សុខៈ ពលៈ បដិភាណៈ និងរួមទាំងការធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print