ខេត្តមណ្ឌលគិរី÷ ប្រជាពលរដ្ឋ៩នាក់ ត្រូវគេរាយការណ៍ថា ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់ក្រោយ ការទទួលទានសាច់សត្វឈ្លូសដែលសង្ស័យថាស៊ីចំណីមានជាតិពុល។ រហូតដល់ល្ងាច ថ្ងៃទី២៥ ខែ មេសា ស្ថានភាពអ្នកជំងឺបានធូរស្រាលច្រើនហើយ។
ប្រភពរាយការណ៍ថា ហេតុការណ៍បានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បន្ទាប់ពីមនុស្សប្រុសស្រីក្មេងចាស់ចំនួន៩នាក់ អាយុពី៥ឆ្នាំដល់៥៥ឆ្នាំ បានរងនឹងអាការៈ រាករូស ក្អួតចង្អោរ ហាក់ដូចជាបានពុលនឹងចំណីអាហារ បន្ទាប់ពីពួកគាត់ទទួលទានសាច់ឈ្លូស ងាប់១ក្បាលដែល ជាប់អន្ទាក់នៅក្នុងព្រៃ។
សេចក្តីរាយការណ៍សង្ស័យថា សត្វឈ្លូសដែលងាប់ដោយអន្ទាក់នោះ ទំនងជាសត្វឈ្លូសដែលស៊ីចំណីមានជាតិពុល ឬអាចបណ្តាលមកពីសត្វឈ្លូសនោះ ផឹកទឹកដែលគេដាក់សម្រាប់បំពុលសត្វព្រៃ។ ទោះជាយ៉ាងណាក៏ដោយមន្ត្រីសុខាភិបាលខេត្តនៅមិនទាន់ អាចបញ្ជាក់ថាការសង្ស័យពុលនេះ បានបណ្តាលមកពីអ្វីដែរ។
សេចក្តីរាយការណ៍ពីមន្ទីរពេទ្យបានឱ្យដឹងថា ក្រោយការជួយសង្គ្រោះនោះមក មនុស្សទាំង៩នាក់ បានផុតពីក្តីបារម្ភនៃគ្រោះ ថ្នាក់បាត់បង់ជីវិតហើយគិតត្រឹមល្ងាចថ្ងៃទី២៥ខែមេសានេះ៕