ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តទៅ! ក្រសួងយុត្តិធម៌ ប្រកាសពីការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោស តាមប្រព័ន្ធឌីជីថល ក្នុងដំណាក់កាលទី២

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីចូលរួមអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាម ការណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌បាននិងកំពុងខិតខំបន្តការអភិវឌ្ឍការផ្តល់សេវាព្រឹត្តិបត្រ ថ្កោលទោសតាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សដល់សាធារណជន ដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស។ កន្លងមក ក្រសួងយុត្តិធម៌បានដាក់ឱ្យដំណើរការសាកល្បងលើការផ្តល់ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលផ្តល់ ភាពងាយស្រួលដល់សាធារណជនទាំងក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំ ព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ។ ដើម្បីបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សបន្ថែមទៀតដល់សាធារណជន លើការស្នើសុំព្រឹត្តិបត្រថ្កោលទោសនេះ ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធ ឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ។

ការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២នេះនឹងជួយសម្រួល និងអនុញ្ញាតឱ្យអ្នកស្នើសុំធ្វើការបំពេញពាក្យសុំព្រឹត្តិបត្រថ្កោលទោស ដោយភ្ជាប់នូវឯកសារចាំបាច់មួយចំនួនតាម អនឡាញ ព្រមទាំងអាចទូទាត់ប្រាក់សេវាតាមប្រព័ន្ធអេឡិចត្រូនិក (E-payment)។
នៅពេលដល់ថ្ងៃកំណត់ទទួលយកព្រឹត្តិបត្រថ្កោលទោស, សម្រាប់សាធារណជននៅក្នុងប្រទេស ត្រូវអញ្ជើញ មកទទួលដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ និងត្រូវភ្ជាប់មកជាមួយនូវឯកសារ ច្បាប់ដើមពាក់ព័ន្ធនានា និង សម្រាប់សាធារណជននៅក្រៅប្រទេស ត្រូវអញ្ជើញមកទទួលដោយផ្ទាល់នៅបណ្តា ស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជា ឬនៅតាមការិយាល័យប្រៃសណីយ៍ ដែលនៅជិតបំផុត និងត្រូវភ្ជាប់មកជាមួយនូវ ឯកសារច្បាប់ដើមពាក់ព័ន្ធនានា។ ដើម្បីប្រើប្រាស់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២នេះ តម្រូវឱ្យសាធារណជន ទាញយកកម្មវិធីដែលមានឈ្មោះថា “CR-MO.J” ពី APP Store សម្រាប់ប្រព័ន្ធ IOS ឬពី PLAY Store សម្រាប់ប្រព័ន្ធ Android ដោយអនុវត្តតាមការណែនាំនៅក្នុងកម្មវិធីនេះ។ សូមបញ្ជាក់ថា៖ សាធារណជននៅតែអាចអញ្ជើញមកបំពេញបែបបទស្នើសុំព្រឹត្តិបត្រថ្កោលទោស ដោយផ្ទាល់នៅ នាយកដ្ឋានកិច្ចការថ្កោលទោស នៃក្រសួងយុត្តិធម៌ ដូចបានអនុវត្តកន្លងមកផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print