ខេត្តកំពង់ចាម÷ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយបានបើកប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់លើវិស័យគ្រប់គ្រងមហន្តរាយក្នុងខេត្តកំពង់ចាមនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤ដែលមានវត្តមានលោក គីម វីរៈ អគ្គលេខាធិការគណៈកម្មា ធិការជាតិគ្រប់គ្រោះមហន្តរាយនិងមន្ត្រីបច្ចេកទេស គ.ជ.គ.ម និងថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ទនានា ព្រម ទាំងមន្ត្រី ស្រុក ក្រុង ខណ្ឌ កងកម្លាំងទាំងបី និងអង្កការដៃគូរអភិវឌ្ឍន៍នានា។
អភិបាលរងខេត្តលោកគន់ សុភាបានឲ្យដឹងថា នៅក្នុងខេត្តកំពង់ចាម មានករណីបាក់ស្រុតច្រាំងទន្លេ សរុបចំនួន៦ករណី បណ្តាលឱ្យបាក់ស្រុតច្រាំងទន្លេ ប្រវែង ៦៤១ម៉ែត្រ រុះរើផ្ទះ ៤ខ្នង និងប៉ះពាល់ផ្ទះ ១៤។ ជំនន់ទឹកភ្លៀង ដែលប៉ះពាល់ដំណាំស្រូវរដូវវស្សា សរុបទំហំ ៦៦៧,៣៦ហត ស្មើនឹង ៨៨៤គ្រួសារ នៅតាមបណ្តាស្រុក ចំនួន ០៤ស្រុក/១០ ក្រុងស្រុក ស្មើនឹងឃុំ ០៧/ ១០៩ឃុំ សង្កាត់ ។ សម្រាប់ការងារដើមឆ្នាំ២០២៤នេះ ដោយសារកត្តាប្រែប្រួលអាកាសធាតុ រដូវប្រាំងបានបន្តអូស បន្លាយ បង្កផលប៉ះពាល់ទៅលើស្រុកចំនួន០៣ រងផលប៉ះពាល់ដោយខ្វះទឹកស្រោចស្រពដំណាំស្រូវ រួម មាន ស្រុកបាធាយ,ស្រុកជើងព្រៃ និងស្រុកកោះសូទិន សរុបផ្ទៃដីខ្វះទឹកចំនួន ១.៥៥៩ហ.ត លើ ផ្ទៃដីដាំដុះ សរុបចំនួន ៣០.៣១០ហ.ត ។ ដោយឡែក បានជួយអន្តរាគមន៍សង្គ្រោះស្រូវប្រាំងឡើង វិញ ចំនួន ១.៥៥៩ ហ.ត ស្មើនឹង ១០០% នៃផ្ទៃដីដែលរងផលប៉ះពាល់។
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បន្តណែនាំដល់មន្ទីរជំនាញ និងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់បន្តតាមដានការវិវត្តន៍នៃការអូសបន្លាយរដូវប្រាំង ដែលបង្កឱ្យអាកាសធាតុ ក្តៅហួតហែង និងប្រឈមដល់សុខភាពមនុស្ស សត្វ និងធ្វើការផ្សព្វផ្សាយ និងអប់រំដល់បងប្អូនប្រជា សម្រាប់ការប្រើប្រាស់ប្រភពទឹក ទាំងទឹកស្អាត និងប្រព័ន្ធស្រោចស្រព ក្នុងរដូវប្រាំងឆ្នាំ២០២៤នេះ។
លោក គីម វីរៈ បានជំរុញដល់អាជ្ញាធរខេត្តរហូតដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ពង្រឹងការយចិត្តទុក ដាក់ក្នុងការអប់រំ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋបន្ថែមទៀតតាមមូលដ្ឋាន ដើម្បីឱ្យយល់ការគ្រោះថ្នាក់នៃគ្រោះអគ្គីភ័យក្នុងរដូវប្រាំងនេះ។ បន្ថែមពីនេះជាពិសេសសហការជាប្រចាំជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវ ត្រៀមរៀបចំទុកជាមុន ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប សម្រាប់អន្តរាគមន៍ ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ នៅគ្រប់មូលដ្ឋាន។
លោកអគ្គលេខាធិការមានប្រសាសន៍បន្តថា គណៈកម្មា ធិការគ្រប់គ្រងគ្រោះមហន្តរាយដែលមានសម្តេចធិបតីហ៊ុន ម៉ាណែតជាប្រធាន និងសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ជាអនុប្រធានទី១ជាសេនាធិការនិងជាដើរតួនាទីជាអ្នកសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធនានាជាថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ និងសហគមន៏មូលដ្ឋាន។
លោកអគ្គលេខាធិការបន្តថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្កើតបានក្រុមប្រតិបត្តិការរុករក និងសង្គ្រោះចំនួន១៦កង ជាកងកម្លាំងនិងត្រៀមសម្របសម្រួលបានធ្វើឱ្យការឆ្លើយតប រុករកសង្គ្រោះ និងការស្តារ ឡើងវិញបានទាន់សភាពការណ៍មុនពេលនិងក្រោយពេលដែលគ្រោះមហន្តរាយកើតឡើងដោយយថាហេតុ។ លោកបានលើកឡើងថាកត្តាប្រែប្រួលអាកាសធាតុបានបង្កឱ្យមានផលវិបាកជាច្រើន ដល់ជីវភាពរស់នៅ និងការអភវ ឌ្ឍសង្គមជាតិ វាបានបង្កឱ្យកើនឡើងនូវឥទ្ធពលគ្រោះមហន្តរាយ ។ ក្នុងករណីនេះដែល ចាំបាច់យើងត្រូវបន្តពង្រឹងអនុវត្តសកម្មភាពជាយុទ្ធសាស្ត្រសំខាន់ៗមួយចំនួនក្នុងការការពារ ទប់ទល់ កាត់បន្ថយហានិភ័យ និងឆ្លើយតបឱ្យកាន់តែមានប្រសិត្វភាពនឹងទាន់ពេលវេលា៕