ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់ឲ្យបាន ជ្រាបថា ៖ រដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង នឹងចាប់អនុវត្តពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ ក្នុងអំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទដោយឧបករណ៍មងគ្រប់ ប្រភេទ សំដៅដើម្បីការពារត្រីមេពូជក្នុងអំឡុងពេលបង្កកំណើតខ្ពស់នេះ។ ទន្ទឹមជាមួយគ្នានេះដែរ សូមបងប្អូន មេត្តាបញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ឆក សារធាតុពុល និងគ្រឿងផ្ទះ ដែលជាប្រភេទឧបករណ៍នាំឲ្យវិនាស អន្តរាយដល់ធនធានជលផល និងមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរបំផុត។
ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ បងប្អូន បងប្អូនប្រជានេសាទនៅតែអាចធ្វើការនេសាទបាន ដោយប្រើនូវ ឧបករណ៍នេសាទជាលក្ខណៈគ្រួសារដូចជា៖ សៃយ៉ុន លប លប សំណាញ់ សន្ទូចផ្លែមួយ អង្រុត ចាន់ តុម ទ្រូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។
រដ្ឋបាលខេត្តស្ទឹងត្រែង សង្ឃឹមយ៉ាងមុតមាំថា សាធារណជន និងអ្នកនេសាទទាំងអស់នឹងអនុវត្ត តាមសេចក្តីជូនដំណឹងនេះប្រកបដោយការទទួលខុសត្រូវ ជាពិសេសសូមបងប្អូនប្រជានេសាទទាំងអស់ត្រូវ ចងចាំ និងអនុវត្តតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិ កាលទី៧នៃរដ្ឋសភា ឲ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមថែរក្សា ការពារ និងប្រើប្រាស់នូវធនធានមច្ឆាជាតិយើងឲ្យ បានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ៕