ភ្នំពេញ៖ នាព្រឹក ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក នៃ ប៉េណា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។
របៀបវារៈនៃសម័យប្រជុំមានដូចខាងក្រោម៖
១-ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី «សកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី៨ និងលើកទី៩ នីតិកាលទី៣»
២-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស»
៣-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី៧ និងទី៨ នៃសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពី សេវាកម្ម»
៤-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើ៖ ១-កិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន២-ពិធីសារទី១ ស្តីពី «ការមិនកំណត់សិទិ្ធហោះហើរទី៣ និងទី៤ រវាងចំណុចណាមួយនៅក្នុងទឹកដីបណ្តាភាគីចុះកិច្ចព្រមព្រៀង»
៣-ពិធីសារទី២ ស្តីពី «សិទិ្ធហោះហើរទី៥ រវាងភាគីចុះកិច្ចព្រមព្រៀង»
៥-ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើ ពិធីសារវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន»៕
ដោយ៖ សុវណ្ណារ៉ា