ខេត្តបាត់ដំបង÷ នៅថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០២៤សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌល បាត់ដំបង អញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ខេត្តបាត់ដំបង។ អញ្ជើញអម ដំណើរសម្ដេចក្រឡាហោមមាន លោកថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹកនិងឧតុនិយម ។
ក្នុងឱកាសចុះពិនិត្យពីវឌ្ឍនភាពថ្មីៗ នៃសមិទ្ធផលក្នុង ខេត្តបាត់ដំបង នាពេល នេះក៏ មានការអញ្ជើញ ចូល រួម ពី សមាជិក ព្រឹទ្ធសភា សមាជិករដ្ឋសភាសមាជិករាជ រដ្ឋាភិបាលថ្នាក់ដឹកនាំក្រសួងធនធានទឹកនិងឧតុនិយម លោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង,មន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងនិងអង្គភាព -មន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត។
សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រីស្ថិតនៅចម្ងាយប្រមាណ ៩០គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុង បាត់ដំបង មានទីតាំងស្ថិត ក្នុងស្រុករុក្ខគិរី ខេត្តបាត់ ដំបង។ ហេដ្ឋារចនាសម្ព័ន្ធការងារ សំខាន់រួមមាន៖ ទី១,ទំនប់មេ ប្រវែង ៦៥៤ម៉ែត្រទី២,សំណង់បង្ហៀរ ប្រវែង ៤១៤ម៉ែត្រ ទី៣, រូងទូនេលពង្វាងទឹក រាងជា ក្រចកជើងសេះប្រវែង ៤៦២ម៉ែត្រ ទី៤,សំណង់គ្រប់ គ្រងទឹក ជាប្រភេទសំណង់ប៉មមានទ្វារទឹកច្រើនថ្នាក់ ដែលមានទ្វារទឹកចំនួន៥និងស្ពានសម្រាប់ ឆ្លងទៅប៉ម ប្រវែង ៥៥ម៉ែត្រ ទី៥,ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣ គីឡូ ម៉ែត្រ និង ទី៦,សំណង់ដោះទឹកចំនួន ៨ កន្លែងនិងស្ពានបណ្តោះអាសន្នចំនួន ៣កន្លែង។
លោករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ជាប្រព័ន្ធធារាសាស្រ្តថ្មីមួយ ជា ប្រវត្តិសាស្រ្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា របស់រាជ រដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាស វៃ របស់សម្តេច មហាបវរធិបតី នាយករដ្ឋមន្ត្រី ដែលសាងសង់ប្រើប្រាស់ វិធីសាស្រ្តថ្មីមិនធ្លាប់អនុវត្តនៅក្នុង ប្រទេសកម្ពុជានាពេលកន្លងមក ដូចជាការជីករូងក្នុងភ្នំ,ការជីកថ្ម និងវិធីសាស្រ្តពង្រឹងកែច្នៃបាតគ្រឹះទំនប់ជាដើម។
ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោង អភិវឌ្ឍន៍ ទំនប់ដូនទ្រីសម្រេចបានប្រមាណ៧៩ភាគរយហើយ គម្រោង នេះ ទទួលបាន កម្ចីសម្បទានពី សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោយពេលសាងសង់រួចគម្រោងនេះនឹងមានលទ្ធភាព ផ្គត់ផ្គង់ទឹក ស្រោច ស្រពសម្រាប់បង្កើនផលិតផលកសិកម្មលើផ្ទៃដី ប្រមាណ ៣៣ ០០០ ហិកតា នៅរដូវវស្សា និង ៤ ៥០០ ហិកតា នៅរដូវប្រាំង ព្រមទាំង រួមចំណែក ក្នុងការផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយទឹកជំនន់តាម តំបន់ មួយ ចំនួននៅផ្នែកខាងក្រោម។
សម្ដេចក្រឡាហោម ស ខេង ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះ មហាក្សត្រ បានថ្លែងនូវការកោតសរសើរដល់ការរីក ចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅក្នុង ខេត្តបាត់ ដំបងនិងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិត ខំប្រឹងប្រែងបំពេញភារកិច្ចយ៉ាងសកម្ម របស់ ក្រសួងធនធានទឹក និង ឧតុនិយម ក្នុងការដោះស្រាយ បញ្ហាទឹកនិងធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំ ថ្ងៃ ដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈវិស័យទឹក។
គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី បានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ និង គ្រោង បញ្ចប់នាខែតុលា ឆ្នាំ២០២៥ខាងមុខនេះ៕