ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជួប ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបជម្រាបលាមុនពេលដែល លោកឯកអគ្គរដ្ឋទូតនឹងបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា នាពេលខាងមុខ

ចែករំលែក៖

ភ្នំពេញ ៖ ទីស្ដីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ម្សិលមុិញ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានទទួលជួប លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា មុនពេលដែលឯកឧត្តមឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិបេសកកម្មការទូតរបស់ខ្លួននៅកម្ពុជា។

ថ្លែងក្នុងជំនួបនេះ, លោកឯកអគ្គរដ្ឋទូតបានរំលឹកឡើងវិញនូវសមិទ្ធផលធំៗជាច្រើនពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការអនុវត្តច្បាប់ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា និងក្រសួងយុត្តិធម៌។ លោកអគ្គរដ្ឋទូត បានសម្ដែងនូវអំណរគុណដល់ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងយុត្តិធម៌ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អដល់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ហើយដែលធ្វើឱ្យសម្រេចបានសមិទ្ធផលយ៉ាងច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ ជាការឆ្លើយតប, លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការគាំទ្រចំពោះសមិទ្ធផលធំៗដែលបានរំលឹកឡើងដោយ លោក Patrick Murphy ហើយ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអរគុណចំពោះ លោកឯកអគ្គរដ្ឋទូត និងសហការី ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អដល់ក្រសួងយុត្តិធម៌ ក៏ដូចជា អាជ្ញាធរអនុវត្តច្បាប់កម្ពុជាដទៃផ្សេងទៀតក្នុងក្របខ័ណ្ឌនៃការទប់ស្កាត់និងបង្ក្រាបបទល្មើសឆ្លងដែននានា, ការទប់ស្កាត់និងបង្ក្រាបបទល្មើសផ្សេងទៀត រួមមាន បទល្មើសគ្រឿងញៀន បទល្មើសរំលោភបំពានលើកុមារ ព្រមទាំងជំនួយរបស់សហរដ្ឋអាមេរិកលើការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ ជាដើម។

ជាទីបញ្ចប់ លោកឧបនាយករដ្ឋមន្ត្រី បានជូនពរ លោកឯកអគ្គរដ្ឋទូត ឱ្យទទួលបានសុខភាពល្អ និងបន្តទទួលបានជោគជ័យក្នុងការបំពេញតួនាទីភារកិច្ចថ្មីរបស់ឯកឧត្តម នាពេលអនាគត ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print