ភ្នំពេញ ៖ សារលិខិតរំលែកមរណទុក្ខ របស់គណបក្សប្រជាជនកម្ពុជា ផ្ញើជូន ក្រុមគ្រួសារនៃសពយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ
ក្នុងនាម ថ្នាក់ដឹកនាំ មន្ត្រី ព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ទាំងមូល គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សូមសម្តែងនូវ មរណទុក្ខយ៉ាងក្រៀមក្រំ ក្ដុកក្ដួលរំជួលចិត្ត និងសោកស្តាយឥតឧបមាដោយបានទទួលដំណឹងអំពីឧបទ្ទវហេតុ ផ្ទុះឃ្លាំងស្តុកគ្រាប់ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ ដែលបានបង្កឱ្យយោធិន ចំនួន ២០ នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរងរបួស កាលពីថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ១៤,២៥នាទីរសៀល។
ក្នុងវេលាប្រកបដោយសមានទុក្ខយ៉ាងក្រៀមក្រំនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពយោធិនពលីទាំងអស់ ក៏ដូចជានាយទាហាន នាយទាហានរង និងពលទាហានឆ្នើមទាំងអស់នៃយោធភូមិភាគទី៣ និងសូមសម្តែងនូវសមានទុក្ខយ៉ាងសោកស្តាយបំផុតចំពោះ អ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយទ្រទ្រង់ដល់ដួងវិញ្ញាណក្ខន្ធយោធិនពលីទាំង ២០នាក់ បានទៅ សោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរដល់យោធិន និងជនរងគ្រោះទាំងអស់ឆាប់បាន ជាសះស្បើយ។
សូម ក្រុមគ្រួសារយោធិនពលី និងក្រុមគ្រួសារយោធិនរងរបួស ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ពីយើងខ្ញុំទាំងអស់គ្នា៕