ភ្នំពេញ ៖ នៅរសៀលនេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងលោកស្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា (ថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងថ្នាក់ដឹកនាំជាស្ត្រី នៃរដ្ឋបាលថ្នាក់ក្រោមជាតិ) ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជាហើយ បន្ទាប់ពីបានបំពេញទស្សនកិច្ច រយៈពេល ៨ថ្ងៃ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហ័ន្ធអាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ប្រកបដោយជោគជ័យ។
សូមបញ្ជាក់ថា ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងលោកស្រី កែ សួនសុភី សសុខា នាយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ រយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤។
ទស្សនកិច្ចនេះ ធ្វើឡើងដោយមានការសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលសហព័ន្ធស្វីស និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី២ របស់ លោកអភិសន្តិបណ្ឌិត គិតចាប់ពីថ្ងៃចូលកាន់មុខតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់និងទស្សនវិស័យជឿនលឿនរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា។
ទស្សនកិច្ចនេះ មានការអញ្ជើញចូលរួមពី លោក សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.អ.ប. នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ចាន់ សុធា ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. លោក សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ គ.ជ.អ.ប និងថ្នាក់ដឹកនាំស្រ្តីនៃរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនទៀត។
សេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ លោកអភិសន្តិបណ្ឌិត និងគណៈប្រតិភូ ធ្វើឡើងក្នុងគោលបំណងដកស្រង់បទពិសោធន៍បន្ថែមទៀត លើប្រព័ន្ធគ្រប់គ្រង និងការអនុវត្តល្អៗពីប្រទេសស្វីស និងពីប្រទេសអាល្លឺម៉ង់ ដើម្បីបន្តជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន នៅព្រះរាជាណាចក្រកម្ពុជា។
អាល្លឺម៉ង់ គឺជាប្រទេសរួមចំណែកយ៉ាងសកម្មក្នុងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ ចាប់តាំងពីឆ្នាំ២០០២។ ចំណែកស្វីសឯណោះវិញ តាមរយៈការិយាល័យទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ប្រចាំនៅកម្ពុជា ក៏បាននឹងកំពុងរួមចំណែកគាំទ្រដល់កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ រួមទាំងការពង្រឹងគណនេយ្យភាពសង្គមនៅកម្ពុជាផងដែរ៕
ដោយ ៖ សិលា