ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត

ចែករំលែក៖

ខេត្ត​កែប​៖​ លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា ដំណាក់កាលទី៣ និងមានការអញ្ជើញចូលរួមពីលោក ហួរ មិថុនា អភិបាលរងខេត្តកែប ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ សមាជិក សមាជិកាក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ជាច្រើនរូបទៀត នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នាសណ្ឋាគារសង្គហមិត្ត ខេត្តកែប។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក ជួប ប៉ារីស៍ បានគូសបញ្ជាក់ឱ្យដឹងថា ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាអន្តរវិស័យ ដែលបង្កឱ្យមានការគំរាមកំហែងដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់មនុស្សជាតិនាពេលបច្ចុប្បន្ន និងអនាគត។ ពិភពលោកទាំងមូលបានសម្តែងនូវក្តីព្រួយបារម្ភអំពីបញ្ហាជាសកលនេះ។ ការដោះស្រាយបញ្ហានៃប្រែប្រួលអាកាសធាតុនៅគ្រប់កម្រិត ទាមទារឱ្យមានការចូល រួមពីគ្រប់ភាគីពាក់ព័ន្ធ តាមរយៈការរៀបចំនិងអនុវត្តគោលនយោបាយ ផែនការសកម្មភាព ច្បាស់លាស់ ជាពិសេស តាមរយៈការបញ្ជាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាក់ស្តែងដើម្បីឆ្លើយតបចំពោះផលប៉ះពាល់ជា អវិជ្ជមានទាំងអស់នេះ កម្ពុជាបានរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា មានរយៈពេល១០ឆ្នាំ ២០១៤-២០២៣ ខណៈផែនការយុទ្ធសាស្ត្ររយៈពេលដប់ឆ្នាំបន្តទៀត ២០២៤-២០៣៣ បាននិងកំពុងរៀបចំ។

លោករដ្ឋលេខាធិការ​ សង្ឃឹមយ៉ាងមុតមាំថា កិច្ចប្រជុំថ្ងៃនេះ ពិតជាឱកាសដ៏ល្អសម្រាប់ពួកយើងទាំងអស់គ្នា សិក្សាពីគ្នាទៅវិញទៅមក និងពិភាក្សាអំពីបញ្ហាប្រឈម ដើម្បីទទួលបានធាតុចូលសំដៅជួយតម្រង់ទិសក្នុងការចូលរួមរៀបចំគោលនយោបាយប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ជ្រាបបញ្ហាប្រែប្រួលអាកាសធាតុទៅក្នុងផែនការរបស់ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។

...

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ និងដៃគូអភិវឌ្ឍន៍កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសកម្ពុជា ដំណាក់កាលទី៣ ប្រព្រឹត្តទៅក្នុងគោលបំណងដើម្បី៖ ១)ផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារបច្ចេកទេសប្រែប្រួលអាកាសធាតុ ២)បង្ហាញលទ្ធផលសំខាន់ៗនៃសន្និសីទកំពូលលើកទី២៨ នៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ៣)បង្ហាញកម្មវិធី/គម្រោងប្រែប្រួលអាកាសធាតុនានា ដែលបាននិងកំពុងអនុវត្ត និងយុទ្ធសាស្ត្រកៀរគរធនធាន និង៤) ពិភាក្សាផែនការអនុវត្តនៃសន្និសីទកំពូលលើកទី២៨ និងទិសដៅបន្ទាប់ឆ្ពោះទៅសន្និសីទកំពូលលើកទី២៩៕ដោយ​៖តារា​ 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print