លោកអភិបាលខណ្ឌ៧មករាបញ្ចេញរថយន្តបាញ់ទឹកស្រោចស្រពក្នុងបរិវេណសាលាបឋមសិក្សាក្នុងរដូវកាលអាកាសកំពុងក្ដៅខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ រដូវកាលនេះជារដូវប្រាំងមានអាកាសធាតុក្ដៅខ្លាំងធ្វើឱ្យសិស្សានុសិស្ស កុមារាកុមារីតូចៗលំបាកក្នុងការទ្រាំជាមួយអាកាសធាតុក្ដៅខ្លាំង ដែលបច្ចុប្បន្ននៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សីតុណ្ហភាពកើនឡើងដល់៤០អង្សា។

   ដោយសង្កេតឃើញដូចនេះ នៅរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក ថេង សុថុល អភិបាលខណ្ឌ៧មករាបានយកចិត្តទុកដាក់បញ្ចេញរថយន្តបាញ់ទឹករបស់សាលាខណ្ឌនិងទំនាក់ទំនងទៅ ក្រុមហ៊ុនឯកជនអូឡាំព្យ៉ា​ ជួយចេញរថយន្តបាញ់ទឹកមកបាញ់ស្រោចស្រពនៅក្នុងបរិវេណសាលាបឋមសិក្សានៅក្នុងមូលដ្ឋានខណ្ឌ៧មករាដើម្បីឱ្យកុមារាកុមារីនៃសាលាបឋមសិក្សានេះមានភាពត្រជាក់ត្រជំ។

   ក្នុងឱកាសនេះដែរ លោក កេត ឧត្តម អភិបាលរងខណ្ឌ៧មករា បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពី លោក ថេង សុថុល អភិបាលខណ្ឌ អាជ្ញាធរខណ្ឌ៧មករា បានចេញរថយន្តបាញ់ទឹកមកបាញ់ស្រោចស្រពនៅក្នុងបរិវេណសាលាបឋមសិក្សាបាក់ទូកនិងសាលាបឋមសិក្សាវត្តព្រះពុទ្ធមានបុណ្យ។ដោយសាលាបឋមសិក្សាមានក្មេងតូចៗកុមារាកុមារីដែលកំពុងតែសិក្សាដោយអាកាសធាតុក្ដៅខ្លាំង ដូច្នេះក្មេងៗតូចៗលំបាកក្នុងការទ្រាំ។

    លោកអភិបាលរងបានបញ្ជាក់ថា ក្នុងយុទ្ធនាការបាញ់ទឹកស្រោចស្រពក្នុងសាលាបឋមសិក្សានេះគឺអាជ្ញាធរសង្កេតមើលជាក់ស្ដែង ដោយរយៈពេល ២ថ្ងៃបាញ់ស្រោចស្រពម្ដងឬបីថ្ងៃបាញ់ស្រោចស្រពម្ដងដើម្បីឱ្យមានអាកាសធាតុល្អប្រសើរ។

    លោក សុខ គឹមសួគ៌ នាយកសាលាបឋមសិក្សាបាក់ទូក បានលើកឡើងថា ក្នុងនាមនាយកសាលា 

បានណែនាំដល់កូនៗកុមារាកុមារីដែលជាសិស្សកំពុងតែសិក្សានៅសាលាបឋមសិក្សាឱ្យយកចិត្តទុកដាក់ថែសុខភាព ជាពិសេសញាំទឹកឱ្យបានច្រើនៗក្នុងរដូវកាលនេះ និងបានប្រាប់ទៅអាណាព្យាបាលឱ្យយកចិត្តទុកដាក់ មើលថែសុខភាពកូនៗ ជៀសវាងមានជំងឺ។

    ជាចុងក្រោយ លោកនាយកសាលាសូមថ្លែងអំណរអរគុណដល់លោក ថេង សុថុល អភិបាលខណ្ឌ៧មករាដែលលោកតែងតែយកចិត្តទុកដាក់គ្រប់សកម្មភាព ជាពិសេសក្នុងរដូវកាលក្ដៅខ្លាំងនេះ ក្នុងសាលាបឋមសិក្សាមានកុមារា កុមារីតូចៗ កំពុងសិក្សានាពេលរសៀល អាកាសធាតុក្ដៅខ្លាំង លោកអភិបាលបានបញ្ចេញរថយន្តបាញ់ទឹកស្រោចស្រពដល់សាលាបឋមសិក្សានេះ៕ដោយ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print