ភ្នំពេញ ៖ រយៈពេល៣ខែដំបូងនៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុប២,២ពាន់លានដុល្លារ។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។
នៅក្នុងសារលិខិតនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ៖ ឆ្នាំ២០២៤នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន៥ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយ និងការកែទម្រង់ស៊ីជម្រៅក្នុងគោលបំណងសម្រួលការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានចំណូលខ្ពស់ ការងារកាន់តែសមរម្យនិងសម្បូរបែប ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ៖ ជាលទ្ធផលក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,២ពាន់លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីចំនួនប្រមាណជា១០,៧ម៉ឺនកន្លែង។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដដែលនេះ ចំនួនសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពី ចំនួន ៤០.៩៧៥ ដល់ចំនួន ៤៣.៨៤៩សហគ្រាស (កើនឡើងចំនួន ២ ៨៧៤សហគ្រាស) ហើយចំនួន កម្មករនិយោជិត បានកើនពីចំនួន ១.៧១៥.០២៩នាក់ ដល់ចំនួន ១.៧៩៣ .៤៦៧នាក់ (កើនឡើងចំនួន ៧៨.៤៣៨ នាក់)។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ៖ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយ បងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ ក្នុងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាឆ្នាំនេះ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយ នៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករនិយោជិត និងនិយោជក ចូលរួមអនុវត្ត ដើម្បីបង្កើត បាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកសង្គម របស់សហគ្រាស។ ប្រធានបទនេះ គឺជាអនុសាសន៍ដែលបានលើកឡើងដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងខ្ញុំផ្ទាល់ ក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតកន្លងទៅ។ ការជ្រើសរើស ប្រធានបទមួយនេះ គឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលអាចកើតមាន ឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ។ រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច បង្កើតសហគ្រាសនិងការងារ ជូនបងប្អូនប្រជាពលរដ្ឋ នោះទេ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាបង្កើតនិងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង សហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាពផងដែរ ៕