ភ្នំពេញ៖ ខេត្តប្រមាណជាង ១០ខេត្តរបស់កម្ពុជា អាចនឹងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ប្រសិនបើនៅតែបន្ដគ្មានភ្លៀងធ្លាក់ ខណៈការប្រែប្រួលអាកាសធាតុ នាំឱ្យកម្ដៅកើនឡើងខ្លាំង នៅលើពិភពលោក។ ការកើនឡើងនូវកម្ដៅ នៅក្នុងរដូវប្រាំងនេះ ក៏បានធ្វើឱ្យខេត្តមួយចំនួនខ្វះខាតទឹកប្រើប្រាស់ ពិសេស ខេត្តតាកែវ ដែលតំបន់មួយចំនួន ក៏កំពុងខ្វះខាតទឹកប្រើប្រាស់។
បេីតាមការបញ្ជាក់ពីមន្ត្រីអ្នកនាំពាក្យគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានថ្លែងថា ការប្រែប្រួលអាកាសធាតុ នាំឱ្យមានការកើនឡើងនូវកម្ដៅ នៅទូទាំងប្រទេសកម្ពុជា។ ការកើនឡើងនូវកម្ដៅនេះ បានធ្វើឱ្យប្រទេសកម្ពុជាប្រឈមនូវកម្ដៅក្ដៅខ្លាំង និងគ្រោះរាំងស្ងួត។ ការមិនមានភ្លៀងកក់ខែ ហើយថែមទាំងជារដូវប្រាំងផង ធ្វើឱ្យទឹករីងអស់ ហើយការបង្កបង្កើនផលរដូវប្រាំងនេះ ក៏ប្រើប្រាស់ទឹកអស់ច្រើន ខែការខ្វះខាតទឹកនេះ ធ្វើឱ្យមានប៉ះពាល់ដល់សុខភាពប្រជាជន។ ការខ្វះខាតទឹកនោះ បានធ្វើឱ្យកសិផលមួយចំនួនបខូចខាតហើយ ប៉ុន្ដែមួយរយៈចុងក្រោយនេះ ក៏មានការខ្វះខាតទឹកប្រើប្រាស់សម្រាប់មនុស្ស និងសត្វ។
អ្នកនាំពាក្យគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរូបនេះ ថ្លែងបន្តថា ជាវិធានការណ៍ដោះស្រាយបន្ទាន់ ក្រសួង និងអ្នកជំនាញ បានចុះសិក្សា វាយតម្លៃ និងត្រៀមលក្ខណៈ ហើយតំបន់ខ្លះដែលខ្វះទឹក ក៏បានចែកទឹកដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតទឹក ផងដែរ។ ជាទិសដៅបន្ដ គឺក្រសួងកំពុងតែសិក្សា រកប្រភពទឹក និងវិធានការបន្ទាន់ ដើម្បីត្រៀមអន្ដរាគមតំបន់ដែលកំពុងខ្វះខាតទឹកប្រើប្រាស់សម្រាប់មនុស្ស និងសត្វ នាពេលខាងមុខ។
សូមជម្រាបថា គ្រោះរាំងស្ងួតខ្លាំងនេះ បានធ្វើឱ្យមានផលប៉ះពាល់ទូទាំងប្រទេស ប៉ុន្ដែខេត្តដែលខ្វះប្រភពទឹក ឬប្រភពទឹកតិច មានផលប៉ះពាល់ធ្ងន់ធ្ងរ ជាពិសេសបច្ចុប្បន្ននេះ ខេត្តតាកែវ មានការខ្វះខាតទឹកប្រើប្រាស់នៅក្នុងតំបន់មួយចំនួន ហើយអាចនឹងឈានទៅដល់ខេត្តផ្សេងៗទៀត។ មកដលពេលនេះមានចំនួនខេត្តជាង ១០ខេត្ត ដែលក្រសួងបានសិក្សាថាអាចនឹងខ្វះខាតទឹកប្រើប្រាស់នាពេលខាងមុខ ប្រសិនបើនៅតែបន្ដគ្មានភ្លៀង តទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ កាលពីថ្ងៃទី២៩ មេសា មានខេត្តមួយចំនួនមានភ្លៀងធ្លាក់ហើយ ប៉ុន្ដែភ្លៀងនេះមិនទាន់អាចបង្កឱ្យមានទឹកប្រើប្រាស់បាននៅឡើយទេ។ ជាវិធានការ ក្រសួងនៅតែបន្ដតាមដាន នឹងត្រៀមអន្ដរាគមបន្ដទៀត៕ដោយ៖តារា