ខេត្តបាត់ដំបង ៖ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលបានបង្ហោះប្រមាណជា ១៤នាទីនិង១៤ វិនាទី មានមនុស្សមួយក្រុម ក្នុងនោះឃើញមានប្រធានភូមិ មន្ត្រីនគរបាល និងជនស៊ីវិលជាច្រើននាក់ផងដែរ បានមកចូលក្នុងទីតាំងដីរបស់ស្ត្រីម្នាក់ ស្ថិតក្នុងភូមិ តាគម ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហាក់ដូចជាបង្ហាញនូវ សកម្មភាពគំរាមកំហែង ប្រព្រឹត្តដោយមនុស្សជាក្រុម មកលើស្ត្រីម្នាក់ បង្ហាញអំពីកាយវិការ ភាសាអសុរោះ ប្រៀបបានដូចជាប្រទេសគ្មានច្បាប់។ ប៉ុន្តែគេពុំដឹងថា តើតួអង្គអ្នកពូកែជេរប្រមាថលើស្ត្រី ជាចំនួនពីររូប គាត់អាងលើអំណាចអ្វីទេ ក្នុងនោះសូម្បីតែអាជ្ញាធរ សមត្ថកិច្ចដែលមានវត្តមាននៅទីនោះ ហាក់ដូចជា ផ្ដល់ឱកាស ការពារឲ្យអ្នកដែលប្រព្រឹត្តអំពើមិនគប្បីនេះថែមទៀតផង។
គេពុំដឹងអំពីបញ្ហាឲ្យពិតប្រាកដទេ ! ប៉ុន្តែនៅក្នុងការបង្ហោះលើហ្វេសប៊ុក អាចសន្និដ្ឋានបានថា ស្ត្រីរងគ្រោះដោយ បុរសពីរនាក់ជេរប្រមាថមកលើគាត់ បានប្រើប្រាស់មធ្យោបាយណាមួយទិញដីរបស់គាត់ តាមរយៈម្ដាយរបស់គាត់ ប៉ុន្តែពុំមានការឯកភាពណាមួយពីឪពុក ពីសមាជិកក្នុងក្រុមគ្រួសារ និយាយរួមអាចនិយាយបានថា ចង់ស៊ីដាច់ដីអ្នកដទៃ ពីព្រោះបើតាមការលើកឡើងរបស់ស្ត្រីជាជនរងគ្រោះរងការជេរប្រមាថដោយជនមួយក្រុមនេះ បានអះអាងថា ខ្លួនមិនបានលក់ដីឲ្យពួកគាត់ ហើយបើម្ដាយរបស់គាត់លក់ដីឲ្យ តើមានឯកសារឬទេ ហ្នឹងដឹងឮពីឪពុករបស់គាត់ និងគាត់ជាសមាជិកក្នុងគ្រួសារដែលអត់ ! អ្វីដែលជាអំពើអសីលធម៌ក្នុងសង្គម បុរសពីរនាក់ដែលពាក់អាវពណ៌ក្រហមម្នាក់ និងពាក់អាវដៃវែងពណ៌ប្រផេះម្នាក់ទៀតមាឌធំ គាត់ដូចជាប្រើអំណាច ប្រើប្រាស់សំដីអសីលធម៌បំផុត ជេរប្រមាថមកលើស្ត្រី ដោយសំដីមិនថ្លៃថ្នូរកប់ៗមាត់ ដែលសង្គមមិនអាចទទួលយកបាន។ ម្យ៉ាងវិញទៀត បើមានប្រធានភូមិចូលរួម និងមន្ត្រីនគរបាល ចូលក្នុងទីតាំងដីរបស់ជនរងគ្រោះ តើជាអំពើស្របច្បាប់ដែរឬទេ ខុសឬត្រូវ ត្រូវធ្វើតាមប្រព័ន្ធតុលាការ រឿងប្ដឹងដល់អាជ្ញាធរមានសមត្ថកិច្ច។ ផ្ទុយទៅវិញ បុគ្គលអាងអំណាចទាំងនេះ ប្រើប្រាស់សកម្មភាពច្បាប់ព្រៃទាំងស្រុង ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ភូមិ ឃុំ ស្រុក ខេត្ត សមត្ថកិច្ចមូលដ្ឋាន ត្រូវសិក្សាអំពីសកម្មភាពនេះផង ពីព្រោះថា ពលរដ្ឋគ្រប់រូប មានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មិនត្រូវបញ្ចេញនូវទង្វើអសីលធម៌ ការគំរាមកំហែង សម្លុត ជេរប្រមាថមកលើស្ត្រី ដ៏សាហាវយង់ឃ្នង ដូចក្នុងការបង្ហោះ facebook នេះបានជាដាច់ខាត។ ប្រទេសជាតិគ្រប់គ្រងដោយច្បាប់ អ្វីៗត្រូវគោរពទៅតាមច្បាប់ គោរពសិទ្ធិបុគ្គល ហេតុអ្វីក៏នៅសល់មនុស្សប្រភេទបែបនេះ សង្គមមិនអាចទទួលយកបានទេ ។ ដូច្នេះសូមអាជ្ញាធរ សមត្ថកិច្ច មេត្តាពិនិត្យនិងពិចារណាផង ដើម្បីស្វែងរកមុខក្រុមជនប្រើអំណាច និងសំដីអសីលធម៌ទាំងនេះ មកអនុវត្តទៅតាមផ្លូវច្បាប់ ក្នុងប្រយោជន៍ការពារប្រជាពលរដ្ឋ ឱ្យមានភាពស្មើគ្នាចំពោះមុខច្បាប់ ។ នៅក្នុងវីដេអូនេះផងដែរ បុរសម្នាក់ដែលពាក់អាវក្រហម ចរិតអើតក្រទម ក៏បានប្រើប្រាស់ឈ្មោះលោកផែង វណ្ណៈ ដែលជាអ្នកលេង facebook មួយរូប ថាជាបងធម៌ ប៉ុន្តែលោកផែងវណ្ណៈបានបង្ហោះនៅក្នុង facebook របស់ខ្លួនថា : (ដេីរអួតគេថាជាប្អូនធម៌ ផែង វណ្ណៈ ជាពិសេសយកឈ្មោះ ផែង វណ្ណៈ គំរាមកំហែងជេរបញ្ចោរក្មេងស្រីទន់ខ្សោយក្នុងជំលោះដីធ្លីទៀត តែខ្ញុំអត់ដែលស្គាល់ម្នាក់នេះទេ សូមបងប្អូនកុំយល់ច្រលំ ។
ខ្ញុំទុកពេលអោយគាត់ ចេញវីដេអូ សុំទោសខ្ញុំនៅថ្ងៃស្អែក បេីបុគ្គលនេះរឹងទទឹង ខ្ញុំចាត់ការតាមច្បាប់ ។ ឈ្មោះ និង អាស័យដ្ឋានខ្ញុំស្រាវជ្រាវដឹងអស់ហើយ) ។
សូមបញ្ជាក់ថា ៖ ចំពោះទង្វើនេះ បើសិនបើអាជ្ញាធរនិងសមត្ថកិច្ច មិនមានវិធានការ ឬធ្វើការបកស្រាយណាមួយ ឱ្យបានដឹងការពិត ជាចំណុចខ្វះខាត ក្នុងការគ្រប់គ្រងប្រជាពលរដ្ឋក្នុងមូលដ្ឋាន គាត់ត្រូវមានកាតព្វកិច្ចការពារប្រជាពលរដ្ឋ ព្រោះខ្លួនជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ ដែលផ្ដល់សិទ្ធិនិងអំណាចឲ្យ ។
ពាក់ព័ន្ធក្នុងករណីនេះ លោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់អង្គភាពមជ្ឈមណ្ឌលព័ត៌មាននគរវត្តថា ខ្ញុំមិនទាន់បានទទួលព័ត៌មាននិងវីដេអូនេះ អញ្ចឹងខ្ញុំមើលព័ត៌មាននិងវីដេអូបន្តិចនេះបន្តិច តើត្រូវមានវិធានការបែបណា ! ក្រោយពីមើលវីដេអូហើយ លោកបន្តថា, ខ្ញុំបានប្រាប់ទៅអភិបាលស្រុក និងអធិការស្រុក ចុះទៅជួបស្ត្រីរងគ្រោះជាបន្ទាន់ក្នុងពេលនេះ ដើម្បីសិក្សាឲ្យបានច្បាស់ ពីព្រោះថា ពាក្យសម្ដីដែលបុរសប្រើប្រាស់ទៅលើស្ត្រីធ្ងន់ធ្ងរពេក ត្រូវប្រឈមមុខចំពោះមុខច្បាប់៕
https://youtu.be/G2Xn01OctyM
ដោយ ៖ សិលា