ខេត្តបាត់ដំបង ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បាន បញ្ជាឲ្យកងកម្លាំងយោធភូមិភាគទី៥ ចុះអន្តរាគមន៍ភ្លាមៗ បន្ទាប់ ពីផ្ទះបងប្អូន ប្រជាពលរដ្ឋ នៅ ស្រុកកំរៀង ខេត្តបាត់ដំងបងជិត៣០ខ្នង បានប៉ើងដំបូល និងរងការខូចខាតទាំងស្រុង ដោយសារតែខ្យល់កន្ត្រាក់កាលពី រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញនេះ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានប្រាប់ឱ្យដឹងថា ៖ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ថា ៖ ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ ផ្គររន្ទះ បណ្ដាលឲ្យផ្ទះរបស់ប្រជាពលរដ្ឋ នៅភូមិលំផាត់ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង ចំនួន២៩ខ្នង បានទទួលរងការខូចខាត ដោយក្នុងចំណោម ២៩ ខ្នងនេះ គឺមាន៩ខ្នងរងការដួលរំលំទាំងស្រុង(បាក់រាបដល់ដី)និង២០ខ្នងរងការ របើក ដំបូល(របើកដំបូលទាំងស្រុង)។ ក្រោយហេតុការកើតឡើងកងពលបាន ចាត់តាំងកម្លាំងចុះ សហការជាមួយផ្នែកសិករងកំរៀង និងប៉ូលីស ៨១៩ ជួយរុះរើ និង ជួសជុល ជូនប្រជាពលរដ្ឋភ្លាមៗ ។
ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបានបញ្ជាក់ថា ៖ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤៖
១. តំបន់វាលទំនាប ៖
-សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៦°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ សៀមរាប បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ចាម ស្វាយរៀង ព្រៃវែង កណ្តាល និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២០%។
២.តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពី ទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣,៥ម៉ែត្រ/វិនាទី។ ខេត្តឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ត្បូងឃ្មុំ ក្រចេះ និងតំបន់ជួរភ្នំក្រវាញអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី២៥%។
៣.តំបន់មាត់សមុទ្រ ៖
-សីតុណ្ហភាពអប្បបរមា២៤°C និងសីតុណ្ហភាពអតិបរមា៣៥°C។ ខ្យល់បក់មកពីទិសនិរតី មានល្បឿន មធ្យម២,៥ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០%។
-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕