ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ថ្លែងថា ៖ ប្រតិកម្មម្ដងហើយម្ដងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងបេះដូងដ៏ពុះកញ្ជ្រោលរបស់ប្រជាជនខ្មែរទូទាំងប្រទេស និងប្រជាជនខ្មែរដ៏ច្រើនលើសលប់ដែលកំពុងរស់នៅឯនាយសមុទ្រ ដែលប្រាថ្នាចង់ឃើញព្រែកជីកនេះលេចចេញជារូបរាងឆាប់ៗនៅលើទឹកដីខ្មែរ ដែលជារដ្ឋអធិបតេយ្យមួយមានអត្ថិភាពរាប់ពាន់ឆ្នាំមកហើយនៅលើផែនដី។
លោកបណ្ឌិត គិន ភា បន្តថា ៖ លោក សម រង្ស៊ី មានបំណងបម្រើផលប្រយោជន៍បរទេសជិតខាង និងរបៀបវារៈភូមិសាស្ត្រនយោបាយរបស់មហាអំណាច។ ជាយូរមកហើយ លោក សម រង្ស៊ី តែងតែយកបរទេសជាខ្នងបង្អែកនយោបាយប្រឆាំងរបស់ខ្លួន យកអាយុជីវិតប្រជាជន និងអ្នកគាំទ្រជាខែលការពារសុវត្ថិភាពផ្ទាល់ខ្លួន។ នយោបាយប្រឆាំងរបស់គាត់តែងបន្សល់ទុកនូវហានិភ័យជាច្រើនរាប់មិនអស់ដល់អ្នកគាំទ្រ និងអ្នកហែហមគាត់ តែគាត់ខ្លួនឯងរស់នៅសោយសុខស្រណុកស្រួលនៅគេហដ្ឋានផ្ទាល់ខ្លួននៅបរទេសយ៉ាងរំភើយ ហើយនយោបាយប្រឆាំងរបស់គាត់ក៏នាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ប្រទេសជាតិផងដែរ៕