ខេត្តពោធិ៍សាត់៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្ត-ក្រុងប៉ុស្ដិ៍រដ្ឋបាល សហការគ្នាឃាត់ខ្លួនសង្ស័យប្រុសស្រីប្រើប្រាស់សារធាតុញៀន និងទទួលផលចោរកម្ម ចំនួន ៣នាក់ ខណៈពួកគេកំពុងពពាក់ពពួននៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ យិនសិនថ្មី ។
ករណីនេះធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចបន្ទប់លេខ៦ ផ្ទះសំណាក់យីហោ យិនសិនថ្មី ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។
ប្រភពពីសមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ម៉ម ផានិត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ (ពាក់ព័ន្ធនឹងទូរទស្សន៍ម៉ាកស៊ាំសុង ១គ្រឿង) ទី២-ឈ្មោះ យន បូរ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់ (មានសារធាតុញៀនក្នុងខ្លួនក្រោយពីធ្វើតេស្តទឹកនោម) និងទី៣-ឈ្មោះ ធឿន ម៉ី ភេទស្រី អាយុ២១ឆ្នាំ គ្មានទីលំនៅពិតប្រាកដ (មានសារធាតុញៀនក្នុងខ្លួនក្រោយពីធ្វើតេស្តទឹកនោម) ។
ប្រភពបន្តទៀតថា ជនសង្ស័យប្រុសស្រីទាំង ៣នាក់ ក្រោយពីធ្វើតេស្ដទឹកនោមឃើញមានផ្ទុកសារធាតុញៀននៅក្នុងខ្លួនទាំង ៣នាក់ និងម្នាក់ ម៉ម ផានិត ជាប់ពាក់ព័ន្ធទទួលផលចោរកម្ម ដោយសមត្ថកិច្ចរកឃើញទូរទស្សន៍ម៉ាកស៊ាំសុង ១គ្រឿង ដែលជនសង្ស័យរូបនេះ បានអះអាងថា ទិញពីគេ ប៉ុន្ដែគ្មានប្រភពណាមួយអះអាងឲ្យបានច្បាស់លាស់នោះឡើយ ដូច្នេះសមត្ថកិច្ចកំពុងបំពេញសំណុំបែបបទដើម្បីបញ្ជូនពួកគេទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ ប៉ឹម ពិន