ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសាររន្ទះបាញ់ ខណៈគាត់កំពុងស្ទូងស្រូវនៅវាលស្រែ និងសត្វគោញីឈ្មោលចំនួន ៣ក្បាលទៀតបានងាប់រដូករណែល ។
ហេតុការណ៍គ្រោះធម្មជាតិខាងលើនេះបានកើតឡើងកាលពីរសៀលថ្ងៃទី២០ និងទី២១ ខែកក្កដា ឆ្នាំ២០១៦ ត្រង់ចំណុចវាលស្រែក្រោម ស្ថិតក្នុងភូមិថ្គោលធំ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
ប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលអន្លង់ត្នោតបានឲ្យដឹងថា នៅរសៀលថ្ងៃទី២០ សត្វគោញីឈ្មោលចំនួន ៣ក្បាល ត្រូវបានរន្ទះបាញ់ងាប់រដូករណែល ខណៈសត្វគោទាំងនោះកំពុងដើរស៊ីស្មៅ ហើយមានភ្លៀងធ្លាក់លាយឡំខ្យល់ផ្គររន្ទះ ។
លោកបន្តទៀតថា ម្ចាស់គោទាំង ៣ក្បាលត្រូវរន្ទះបាញ់ងាប់ខាងលើឈ្មោះ សំរិទ្ធ វ៉ាន រស់នៅភូមិ-ឃុំកើតហេតុ លុះនៅរសៀលថ្ងៃទី២១ រន្ទះបានបាញ់បុរសម្នាក់ស្លាប់ ខណៈគាត់កំពុងស្ទូងនៅវាលស្រែក្រោម ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ វ៉ែន លីហូវ ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពដដែលអះអាងបន្តទៀតថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យផ្ទាល់សត្វនិងមនុស្សរងគ្រោះពិតជាងាប់និងស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ពិតប្រាកដ ក៏បានប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន