ភ្នំពេញ ៖ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញក្រោមឱវាទ បាន ចុះពិនិត្យស្ថានភាពផ្សារដើមគរ ដោយគ្រោងអភិវឌ្ឍន៍ផ្សារនេះឡើងជាអគារកំពស់៣ ទៅ៤ជាន់ ដើម្បី ស្ដារស្ថានភាពលក់ដូរ បច្ចុប្បន្នស្ថិតក្នុងសភាពអាណាធិបតេយ្យ ឲ្យមានសោភណ្ឌភាព និងមានរបៀបរៀបរយឡើងវិញ ។ នេះ បើតាមការបញ្ជាក់ឲ្យដឹងពីលោក ចៅ ហ្វាយក្រុងក្នុងពេលចុះពិនិត្យស្ថានភាពផ្សារដើមគរ កាលពីព្រឹថ្ងៃទី ៣១ ខែកក្ដដា ឆ្នំា២០១៥ ។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ អាជ្ញាធររាជធានីភ្នំពេញ មានគម្រោងកសាងផ្សារ ដើមគរជាថ្មី ដែលមានកម្ពស់ចាប់ពី៣ទៅ៤ជាន់ និងមានចំណងរថយន្ត ត្រឹមត្រូវដើម្បីឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជីវករក្នុងផ្សារដើមគរនេះបានយល់ជ្រួតជ្រាបពី គោលការណ៍របស់ សាលារាជធានីភ្នំពេញ ដែលចង់អភិវឌ្ឍន៍ផ្សារដើមគរនេះឲ្យទៅជាផ្សារ ឲ្យមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ សម្រាប់អនាគត តែប្រសិនបើអាជីវករ ភាគច្រើនជំទាស់ អាជ្ញាធរ និងដក់ខ្លួនចេញ ទៅអភិវឌ្ឍន៍នៅផ្សារដ៍ទៃទៀត ។
នៅក្នុងនោះដែរលោកក៏បានបញ្ជាក់ពីគោលការណ៍របស់សាលារាជធានី ភ្នំពេញ នៅក្នុងការកសាងផ្សារនេះមិនមានការទិញដូរលក់នោះទេគឺឲ្យលក់ធម្មតា ពោលគឺតូប ដែលមាននៅក្នុងផ្សារដើមគរប៉ុន្មាន ក្រោយពីមានការសាងសង់អគារថ្មីរួចគឺរក្សានៅដដែលមិនមានការទិញដូរ លក់ដូចវិស័យឯកជននោះទេ។ លោកក៏បានបញ្ជាក់ផងដែរថា៖ នៅក្នុងការកសាងផ្សារថ្មីនេះគឺសាលារាជធានីភ្នំពេញពុំមានផល ចំណេញអ្វីឡើយ អ្វីដែលចំណេញនោះគឺបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់នៅក្នុងផ្សារប៉ុណ្ណោះ។
ក្រោយពីការពន្យល់ប្រជាពលរដ្ឋហើយនោះ លោកអភិបាលរាជធានីភ្នំពេញបានណែនាំដល់គណៈកម្មាធិការផ្សារឲ្យយក គំនូរប្លង់កសាងផ្សារដើមគរ មកបង្ហាញអាជីវករ ដោយបង្កើតនូវវេទិកាសាធារណៈមួយដើម្បីស្ទាបស្ទង់ដើម្បីឲ្យដឹងថា តើអាជីវករទទួលយកបានប៉ុន្មានភាគរយចំពោះគម្រោងនេះ។ បើសិនជាមតិភាគតិច ដែលទទួលយកគម្រោងនេះ លោកអភិបាលរាជធានីបញ្ជាក់ថាមិនអាចកសាងផ្សារនេះបានទេ គឺយកគម្រោងថវិកាសម្រាប់កសាងផ្សារនោះទៅកសាងផ្សារថ្មីទៀតនៅ ក្នុងរាជធានីភ្នំពេញ ដែល បច្ចុប្បន្នមានផ្សារជាង២០ជាផ្សាររបស់រដ្ឋ ។
អាជីវករ លោកសាន្ដ សុធឿន ចំពោះគម្រោងដែលអាជ្ញាធរ ធ្វើការអភិវឌ្ឍកសាងជាអគារដែលមានកំពស់ចាប់ពី៣ទៅ៤ជាន់នេះលោកសូមជំទាស់ដាច់ខាត ព្រោះក្លាចបាត់អាជឹប ខ្ញុំអស់ជំនឿទៅលើគណៈកម្មាធិការផ្សារដើមគរនេះផ្ទាល់តែម្ដង ពួកគេពូកែកឹបកេញចំណេញមកលើអាជីវករខ្លំាងណាស់ ។ ជាក់ស្ដែងក្រុមគណៈកម្មាធិការនេះបានបង្កើតកូនចៅផ្ដល់សិទ្ធិ ដើរការពារអាជីវករដែលកំពុងលក់អាណាធិបតេយ្យនៅខាងក្រៅផ្សារ ។ ពួកគេនេះមិនបានស្ដាប់មតិ្ដសុំណូមពរពីអាជីវករភាគច្រើននោះទេ ពួកគេគិតតែរកលុយចូលហោប៉ៅ និងនិយមបក្សពួកគ្នាខ្សែថ្នាក់លើតែប៉ុណ្ណោះ ៕ ដោយ៖ សំរិត