ខេត្តត្បូងឃ្មុំ៖ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ(ស.អ.ក) នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ចិន នី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំបានបេជ្ញាចិត្ត ចំនួន ១៣ ចំណុច ដោយស្មោះត្រង់ ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា ពិសេសអនុវត្តន៍យ៉ាងមុឺងម៉ាត់ ទៅតាមគោលការសមាគម។
ជាមួយគ្នានោះបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល ខេត្ត និងប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគម ដែលជានិច្ចកាល តែងតែយកចិត្តទុកដាក់ លើកកម្ពស់ ដោយមានការទទួលខុសត្រូវខ្ពស់ តាមតួនាទី ភារកិច្ច ជាបន្តបន្ទាប់ បន្តតាំងពីលោក ម៉ុន មាគ៌ា អតីត ប្រធានគណៈកម្មាធិកាសមាគម ធ្វើឱ្យសមាគម ទទួលបាននូវឧត្តមភាព មោទនភាព និងទំនុកចិត្ត ពីអតីតយុទ្ធជន នៅតាមមូលដ្ឋាន ។
មានប្រសាសន៍នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រាប់បងប្អូនអតីតយុទ្ធជន ដែលមានវត្តមាននៅទីនេះពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេស ជាតិ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបច្ចុប្បន្ន។
នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិតគន់ គីមបានកោត សរសើរ ចំពោះប្រធានសមាគមចាស់ ដែលបានខិតខំបំពេញការងារទទួលបានលទ្ធផលល្អ ដោយសហការលើការងារសន្តិសុខ សុវត្ថិភាពសាធារណ:ជូនប្រជាពល រដ្ឋនាពេលបច្ចុប្បន្នក៏ដូចជាការចូលរួមដោះស្រាយបញ្ហា ជាទុក្ខកង្វល់របស់អតីតយុទ្ធជននាពេលកន្លងមក ។
ជាពិសេសធ្វើយ៉ាងណា ជួយដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា យើងត្រូវពិនិត្យ សិក្សាវាយតម្លៃ ស្វែងរកដីសម្បទានសង្គមកិច្ច ដើម្បីចែកជូនអតីតយុទ្ធ ជនរបស់យើង ដែលគ្មានដី គ្មានផ្ទះស្នាក់នៅពិតប្រាកដ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ ចូលរួមកាត់បន្ថយភាពក្រីក្រ នៅកម្ពុជា៕