សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលអណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែង ព្រោះទ្រឹស្តីគ្មានន័យទេបើមិនមានការអនុវត្ត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដើម្បីឱ្យប្រទេសយើងឈានឆ្ពោះទៅសម្រេចគោលដៅ «កម្ពុជាឆ្នាំ២០៥០» កាតព្វកិច្ចនិងភារកិច្ចដែលរាជរដ្ឋាភិបាលត្រូវធ្វើ គឺ៖
១-ត្រូវធានារក្សាសុខសន្តិភាព សន្តិសុខ ស្ថិរភាពសង្គម
២-រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
៣-គាំទ្រដល់ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារតាមរយៈការធានាក្របខ័ណ្ឌច្បាប់ និងបទដ្ឋានគតិយុត្តដែលមានប្រសិទ្ធភាពច្បាស់លាស់ និងមានតម្លាភាព
៤-ដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយ និងផ្តល់ការលើកទឹកចិត្តផ្សេងៗដល់វិស័យឯកជន
៥-វិនិយោគទៅលើធនធានមនុស្ស ទាំងសុខភាព ទាំងចំណេះដឹង
៦-វិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ (ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា)

សម្តេចធិបតីបានគូសបញ្ជាក់ថា ចំណុចខាងលើនេះគឺជាទ្រឹស្តីដែលជួយដល់កំណើនសេដ្ឋកិច្ចដែលអាចធានាទៅបាន។ ប៉ុន្តែទ្រឹស្តីគ្មានន័យទេ បើមិនមានការអនុវត្ត ដូច្នេះរាជរដ្ឋាភិបាលអណត្តិទី៧ ឱ្យតម្លៃទៅលើសមិទ្ធកម្មជាក់ស្តែងតែម្ដង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសបើកឱ្យដំណើរការជាផ្លូវការ» សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ម្សិលមុិញ។
សម្តេចធិបតីបានថ្លែងថា ដើម្បីទាក់ទាញវិនិយោគថ្មីបន្ថែមទៀត រាជរដ្ឋាភិបាលត្រូវធ្វើយ៉ាងណា ឱ្យអ្នកវិនិយោគិនដែលមានស្រាប់ទាំងអស់នៅកម្ពុជាមានការរីកចម្រើន នោះទើបអាច ទាក់ទាញអ្នកដែលមកថ្មីមកបន្ថែមទៀតបាន។ ដើម្បីសម្រេចបាននូវកិច្ចការងារនេះ គឺត្រូវបង្កើនកត្តាវិជ្ជមាន និងកាត់បន្ថយអវិជ្ជមាន។
សម្តេចមានប្រសាសន៍ថា ក្នុងការបង្កើនកត្តាវិជ្ជមាន គឺធ្វើឡើងតាមរយៈការដាក់ចេញនូវគោលនយោបាយលើកទឹកចិត្ត អនុគ្រោះ និងដាក់ចេញនូវកញ្ចប់ថវិកាសម្រាប់ជួយដល់វិស័យសំខាន់ៗ ដែលកន្លងមករាជរដ្ឋាភិបាលបានធ្វើរួចមកហើយ តាមរយៈការដាក់ចេញនូវគោលនយោបាយអន្តរាគមន៍របស់រដ្ឋាភិបាលក្នុងអាណត្តិនេះ។
សម្តេចមានប្រសាសន៍បន្ថែមថា «យើងបានកំណែទម្រង់ទៅលើកិច្ចការផ្សេងៗ កាត់បន្ថយនិតិវិធីស្មុគ្រស្មាញ កាត់បន្ថយការិយាល័យធិបតេយ្យ កាត់បន្ថយនិងបង្កើការប្រើប្រាស់បច្ចេកវិទ្យា សម្រាប់សម្រួលដល់ការងារ និងវិស័យឯកជន»។
ទន្ទឹមគ្នានេះ ចំពោះការកាត់បន្ថយកត្តាអវិជ្ជមាន គឺការដោះស្រាយបញ្ហាប្រឈម របស់វិស័យឯកជន ឱ្យទាន់ពេលវេលា តាមរយៈវេទិកាជួបវិស័យឯកជន និងតាមរយៈក្រុមការងារគ្រប់វិស័យដែលបានប្រទាក់ក្រឡាគ្នាជាប់ជាប្រចាំ ពោលគឺត្រូវដោះស្រាយជាប់ជាប្រចាំ និងតាមដានត្រួតពិនិត្យនៅក្នុងការដោះស្រាយបញ្ហា។ ហេតុនេះហើយទើបសម្តេចបានបង្កើនក្រុមការងារដោះស្រាយមួយ ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការដោះស្រាយជូនប្រជាពលរដ្ឋ ,ជូនវិស័យឯកជន និងជូនក្រុមហ៊ុននីមួយៗ ។ ហើយជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវយុទ្ធសាស្រ្ត និងផែនការសកម្មភាព និងកិច្ចការសំខាន់ៗជាច្រើន ដើម្បីឱ្យកំណត់នូវគោលការណ៍អនុវត្តនេះបានជោគជ័យ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print