ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញការសោកស្ដាយលើប្រទេសចំនួន២៣ ដែលបានបង្ហាញកង្វល់លើបញ្ហាមួយចំនួនមកលើកម្ពុជា ដោយកង្វល់ទាំងនោះមិនមានមូលដ្ឋានច្បាស់លាស់ បង្កប់ចេតនានយោបាយនិងមិនយល់ឬធ្វើមិនយល់ពីស្ថានភាពពិតជាក់ស្ដែងក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» បានទទួលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។
យោងតាមសេចក្ដីថ្លែងការណ៍ ក្រោមប្រធានបទ «ការផ្សព្វផ្សាយព័ត៌មានគ្រប់ជ្រុងជ្រោយ គឺជាការធានានូវសិទ្ធិទទួលបានព័ត៌មាន» អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងថា គ.ស.ម.ក. មានការសោកស្តាយនិងខកចិត្តជាខ្លាំងចំពោះបណ្តាញសារព័ត៌មានមួយចំនួនតូចដែលបានលើកយកការសម្តែងនូវកង្វល់របស់តំណាងប្រទេសមួយចំនួនតូច ក្នុងកិច្ចប្រជុំនៃការពិនិត្យរបាយការណ៍ពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) ជុំទី៤ របស់ប្រទេសកម្ពុជា មកធ្វើការវាយតម្លៃពីស្ថានភាពសិទ្ធិមនុស្សជារួមក្នុងប្រទេសកម្ពុជា។
លើសពីនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានស្នើសុំអង្គភាពនិងបណ្តាញសារព័ត៌មានធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយនិងមានតុល្យភាពពោលគឺគោរពក្រមសីលធម៌វិជ្ជាជីវៈដើម្បីបង្ហាញពីសុចរិតភាព អាព្យាក្រឹតភាព និងគោរពដល់សិទ្ធិទទួលបានព័ត៌មានរបស់សាធារណជន៕ ដោយ ៖ សិលា