ខេត្តបាត់ដំបង៖ នេះជាលើកទី២ហើយក្នុងរយៈពល១ខែនេះគេឃើញពលករខ្មែរធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃត្រូវតម្រួតថៃចាប់ឃាត់ខ្លួននិងបញ្ជូនមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។
ពលករខ្មែរ១២៩នាក់ទៀតហើយស្នាក់នៅនិងធ្វើការងារខុសច្បាប់រងការឃាត់ខ្លួនពីតម្រួតថៃនិងចាប់បញ្ជូនមកប្រទេសកម្ពុជាតាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅមានពលករខ្មែរ១៥៣នាក់ក៏ត្រូវបានតម្រួតថៃឃាត់ខ្លួននិងចាប់បញ្ជូនមកប្រទេសកម្ពុជាវិញតាមច្រកអន្តរជាតិដូងស្រុកកំរៀងរួចហើយផងដែរ។ គ្រាដែលគេមើលឃើញថាអាជ្ញាធរនិងសមត្ថកិច្ចថៃកំពុងរិតបន្តឹងទៅលើការធ្វើចំណាកស្រុកខុសច្បាប់ទៅរស់នៅនិងធ្វើការងារខុសច្បាប់ក្នុងប្រទេសថៃនោះ។ ការឃាត់ខ្លួនពលករខ្មែរ១២៩នាក់ ក្រោយពីតម្រួតថៃរកឃើញថា ពលករខ្មែរទាំងនោះបានស្នាក់នៅធ្វើការងារនៅក្នុងប្រទេសថៃគ្មានលិខិតស្នាមត្រឹមត្រូវ។
សូមរំលឹកថា ពលករខ្មែរដែលធ្វើដំណើរឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃខុសច្បាប់ ត្រូវគេមើលឃើញថា ពួកគេភាគច្រើនធ្វើដំណើរចាកចេញទៅប្រទេសថៃតាមច្រករបៀងខុសច្បាប់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចការពារព្រំដែនទាំងកម្ពុជានិងថៃ។
ពាក់ព័ន្ធនិងការឆ្លងដែនខុសច្បាប់នោះដែរកន្លងមកត្រូវគេរាយការណ៍ឲ្យដឹងថា ពលករខ្មែរមានបញ្ហាប្រឈមគ្រោះថ្នាក់ជាខ្លាំងដូចជាត្រូវចាញ់បោកការជួញដូរមនុស្សនិងកម្លាំងពលកម្មពីសំណាក់មេខ្យល់ខ្មែរ និងមេខ្យល់ថៃ ប្រឈមនិងការចាប់ដាក់គុកធ្វើទារុណកម្ម និងបាញ់សម្លាប់ពីសមត្ថកិច្ចថៃ និងការធ្វើដំណើរតាមរថយន្តរត់គេចពីការតាមចាប់របស់តម្រួតថៃបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់និងរងរបួសផងដែរ។ បញ្ហាប្រឈមទាំងនោះត្រូវគេរាយការណ៍ឲ្យដឹងទៀតថា ធ្លាប់កើតឡើងចំពោះពលករខ្មែរជាបន្តបន្ទាប់រួចហើយផងនោះដែរ។
ពលករខ្មែរ ១២៩នាក់ខាងលើក្រោយពីតម្រួតថៃចាប់បញ្ជូនមកប្រទេសកម្ពុជាវិញក៏បានធ្វើការអប់រំពីសំណាក់សមត្ថកិច្ចកម្ពុជាឈរជើងនៅច្រកអន្តរជាតិដូងដោយណែនាំឲ្យពួកគាត់បញ្ឆប់ការធ្វើដំណើរទាំងប្រថុយប្រថានទៅរកការងារធ្វើក្នុងប្រទេសថៃខុសច្បាប់តទៅទៀត ហើយសំណូមពរឲ្យពួកគាត់ស្វែងរកការងារធ្វើនៅក្នុងប្រទេសវិញ៕
ដោយ៖ សំ វិច្ឆិកា