ខេត្តសៀបរាប៖ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសម្នាក់បានបើកម៉ូតូទៅបុកគោយន្តកន្តៃ្រពីក្រោយបណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យឃុំសសរស្ដម្ភ ។
ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៦ លើដងផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុង ភូមិពង្រថ្មី ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
លោកវីរសេនីយ៍ត្រី ទេព ពុំសែន អធិការនគរបាលស្រុកពួក បានឲ្យដឹងថា ករណីនេះបង្កឡើងដោយគោយន្តកន្ត្រៃទឹកឪឡឹកលក់ បើកបរដោយឈ្មោះ រឿន អ៊ាក ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែរស់នៅភូមិពេង ឃុំដូនពេងស្រុកអង្គរជុំ ខេត្តសៀមរាប បើកពីត្បូងទៅជើងលុះដលចំណុចកើតហេតុបានឈប់ដោយមិនមានដាក់ស្លាកសញ្ញាសម្គាល់ ហើយត្រូវបានអ្នកបើកបរម៉ូតូ សេ១០០ ពណ៌ក្រហម គ្មានស្លាកលេខ បើកស្របទិសគ្នា មកបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់រហូតដល់ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។
ជនរងគ្រោះមានឈ្មោះ រុន សាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក មានស្រុកកំណើត នៅខេត្តកំពត បច្ចុប្បន្នស្នាក់នៅ ភូមិឃុំកើតហេតុខាងលើ ។
លោកអធិការនគរបាលស្រុក បានបន្តថា ម្ចាស់គោយន្តកន្ត្រៃនៅពេលកើតហេតុបានបើករត់គេចខ្លួនបានចំងាយ ប្រហែល ១៥គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំក្តីរុន ស្រុកពួក ទើបកម្លាំង នគរបាលយើងធ្វើការឃាត់ខ្លួនបាន និងនាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមនីតិវិធី ។
បច្ចុប្បន្នជនសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ប៊ុន រិទ្ធី