ខេត្តព្រះសីហនុ ៖ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គាំទ្រថវិកាដោយក្រសួងអប់រំ យុវជន និងកីឡាបាន រៀបចំ ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដែលបានដំណើរ ជាផ្លូវការ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នៅទីលានតេជោ ក្រុងព្រះសីហនុ ។
ក្នុងឱកាសបើកការប្រកួត ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានលើកឡើងថា ល្បែងទាញព្រ័ត្រ ជាល្បែងលេងកម្សាន្តសប្បាយរបស់យុវជនខ្មែរទាំង បុរស ទាំងស្ត្រី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកម្លាំងកាយ ហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ ល្បែងទាញព្រ័ត្រនេះមិនត្រឹមតែបង្កលក្ខណៈសប្បាយរីករាយ និង ការសាកកម្លាំងគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបង្ហាញពីការរឹតចំណងសាមគ្គីភាព ប្រៀបបីដូចទៅនឹងរឿងកូរសមុទ្រទឹកដោះ។ ដើម្បីទទួលបានជ័យជម្នះ ភាគីនីមួយៗ ត្រូវរួមកម្លាំងគ្នា ដោយឥតរាថយ ពួកគេត្រូវសាមគ្គីគ្នា និងប្រើកម្លាំងរួមគ្នាជាធ្លុងមួយ ព្រមទាំង បញ្ចេញសមត្ថភាព ឱ្យអស់ពីក្នុងខ្លួន ដើម្បីយកឈ្នះ។
ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា កីឡាទាញព្រ័ត្រក៏ជាប្រភេទកីឡាអូឡាំពិក នៅក្នុង ចន្លោះឆ្នាំ១៩០០ ដល់ឆ្នាំ១៩២០ គឺត្រូវបានដាក់ក្នុងកម្មវិធីប្រកួតកីឡាអូឡាំពិក បានចំនួន ៥លើកផងដែរ។ បច្ចុប្បន្ន ល្បែងកីឡាទាញព្រ័ត្រមិនត្រឹមតែជាល្បែងប្រពៃណីនោះទេ ថែមទាំងជាកីឡាទាញព្រ័ត្រ កំពុងតែមានការ អភិវឌ្ឍរីកចំរើន និងពេញនិយមផងដែរ ជាក់ស្តែងកន្លងមកនេះក្រុមកីឡាទាញព្រ័ត្រកម្ពុជា ធ្លាប់ទទួលបានមេដាយ លើឆាកអន្តរជាតិផងដែរ។
ដោយឡែក សម្រាប់ កីឡាករ កីឡាការិនី ដែលចូលរួមក្នុងការប្រកួត ត្រូវយកចិត្តទុកដាក់ខិតខំបញ្ចេញអស់សមត្ថភាពឈរលើគោលការលេងដោយយុត្តិធ៌ម ស្មារតីសាមគ្គី គោរពវិន័យ និងអនុត្តឲ្យបានល្អប្រសើរនូវបទបញ្ជា នៃការប្រកួត។ រីឯ គណៈកម្មការរៀបចំការប្រកួត ជាពិសេសអាជ្ញាកណ្តាល ចៅក្រុម សូមអនុវត្តតួនាទីរបស់ខ្លួន ដោយឈរលើស្មារតីសុក្រិត និង យុត្តិធម៌ផងដែរ។
លោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្តព្រះសីហនុ បានសម្ដែងការគាំទ្រដល់សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ដែលបានជ្រើសរើសខេត្តព្រះសីហនុជាកន្លែងរៀបចំការប្រកួត ។ តាមរយៈព្រឹត្តិការណ៍នេះបានរួមចំណែក ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្ដរជាតិឲ្យមកកំសាន្ដនៅខេត្តព្រះសីហនុកាន់តែច្រើន ។មិនត្រឹមតែប៉ុណ្ណោះព្រឹត្តិការណ៍នេះក៏ជាផ្នែក១ជួយបំផុសស្មារតីយុវជន និង មហាជនឲ្យគាំទ្រកីឡាទាញព្រ័ត្រដែលត្រូវបានដាក់បញ្ចូល ទៅក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធ៌មអរូបីរបស់មនុស្សជាតិនៃអង្គការយូនីស្កូ កាលពីឆ្នាំ២០១៥ កន្លងទៅទៀតផង ។
យោងតាមរបាយការណ៍ របស់លោក ចាប រតនា អគ្គលេខាធិការសហហព័ន្ធ កីឡាទាញព្រ័ត្រកម្ពុជា បានបង្ហាញថា ក្នុងព្រឹត្តិការណ៍នេះមានកីឡាករកីឡាការិនីចូលរួមប្រកួតចំនួន ១៧៩នាក់ និងមានប្រតិភូគ្រូបង្វឹក ចំនួន៣៨នាក់ ដោយប្រកួតលើ៨វិញ្ញាសា ៕ដោយ ៖ ភារ៉ា ដង្កោ