ខេត្តកំពង់ឆ្នាំង៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍លោក ត្រាំ អ៊ីវតឹក និងជាប្រធានក្រុការនងារចុះជួយស្រុកកំពង់លែង បាននាំយកទេយ្យទាន និងទៀនព្រះវស្សាយកទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តថ្នល់ ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
មានប្រសាសន៍នៅក្នុងឱកាសនោះលោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា ចូលព្រះវស្សាមានរយៈពេល៣ខែដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់ទៅវិញនៅថ្ងៃទី១៥រោច ខែកក្តិត តាមព្រះវិន័យព្រះពុទ្ធសាសនា បានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅឆ្ងាយៗបានឡើយ ដោយគង់នៅចាំព្រះវស្សាក្នុងទីអារាមរហូតរយៈពេល៣ខែពេញតែម្តង។
ដូច្នេះហើយទើបប្រជាពលរដ្ឋ ពុទ្ធបរិស័ទនាំគ្នាយកទៀនវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃមុនចូលព្រះវស្សាបែបនេះ។ ការប្រគេនទៀនព្រះវស្សាគឺយើងទាំងអស់គ្នាតែងតែនាំគ្នាធ្វើជារៀងរាល់ឆ្នាំ ហើយពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួនក៏បាននាំគ្នាប្រគេនទៀនព្រះវស្សាដល់វត្តដែលនៅជិតផ្ទះរបស់ខ្លួនផងដែរ។
លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះប្រទេសកម្ពុជាដែលមានសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ បានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព មានការភិវឌ្ឍលើគ្រប់វិស័យ ទាំងពុទ្ធិចក្រ និងអាណាចក្រ ដែលទាំងនេះជាឱកាសដ៏ប្រសើរសម្រាប់ឲ្យប្រជាពលរដ្ឋបានចូលរួមក្នុងការរកទទួលទានប្រកបដោយជីវភាពកាន់តែប្រសើរ និងមានឱកាសធ្វើបុណ្យទាន និងអភិវឌ្ឍន៍ប្រទេស ។
ក្នុងពេលនោះលោកបានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុចាប់ពី១៥ឆ្នាំ និងប្រជាពលលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពប្រើប្រាស់ ខូច ឬបាត់ ត្រូវរួសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មីនៅប៉ុស្តិ៍រដ្ឋបាល និង អធិការដ្ឋាននគរបាលឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជនសម្រាប់ប្រើប្រាស់តាមតម្រូវការក្នុងសង្គម ៕
ដោយ៖ ចន្ថា