ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យទីក្រុងគុនមីញ ប្រទេសចិន បង្កើតវប្បធម៌ទេសចរណ៍ឱ្យកាន់តែច្រើនមកទីក្រុងភ្នំពេញ ក្នុងបំណងរាជធានីភ្នំពេញចង់រៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយ ជាមួយទីក្រុងគុនមីញ ដើម្បីឱ្យវិស័យទេសចរណ៍រាជធានីភ្នំពេញរបស់កម្ពុជានិងទេសចរណ៍នៃទីក្រុងគុនមីញប្រទេសចិនមានការកើនឡើងទ្វេដង ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងជំនួបសម្ដែងការគួរសមជាមួយ លោក លីវ ហុងឈាន (H.E. Mr. Liu Hongjian) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សខេត្តយូណាននិងជាលេខានៃគណៈកម្មាធិការបក្សក្រុងគុនមីញ នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានបញ្ជាក់ថា៖ ដើម្បីជំរុញឱ្យវិស័យទេសចរណ៍នៃទីក្រុងទាំង២មានការកើនឡើង យើងគួរធ្វើការងាររួមគ្នាដោយរៀបចំជាព្រឹត្តិការណ៍ទេសចរណ៍មួយ ដើម្បីឱ្តប្រជាពលរដ្ឋនៃទីក្រុងទាំងពីរបានធ្វើទេសចរណ៍ទៅវិញទៅមក(ទីក្រុងគុនមីញ-ទីក្រុងភ្នំពេញ)។
លោកបានបញ្ជាក់ថា រាជធានីភ្នំពេញមានតំបន់ទេសចរណ៍ជាច្រើន ហើយបន្ថែមពីនេះកម្ពុជាក៏មានប្រាសាទជាច្រើន ពិសេសនៅខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជា។ ចំណែកទីក្រុងគុនមីញរបស់ប្រទេសចិនវិញក៏មានតំបន់ទេសចរណ៍ច្រើនដែរ ដូចជាទស្សនាផ្កាស្រស់ និងថ្មសមុទ្រជាដើម។ ទាំងនេះគឺអាចជំរុញវិស័យទេសចរណ៍នៃទីក្រុងទាំងពីរមានការកើនឡើង ដោយប្រជាពលរដ្ឋខ្មែរអាចទៅទេសចរណ៍នៅទីក្រុងគុនមីញ ហើយប្រជាពលរដ្ឋទីក្រុងគុនមីញអាចមកទេសចរណ៍នៅរាជធានីភ្នំពេញក៏ដូចជាទៅខេត្តសៀមរាបផងដែរ។
លោក ឃួង ស្រេង ក៏បានលើកឡើងពីស្ថានភាពភូមិសាស្ត្ររបស់រាជធានីភ្នំពេញ ដោយរាជធានីមួយនេះស្ថិតនៅទន្លេបួនមុខ ជាទីក្រុងមានលក្ខណៈល្អប្រសើរ។មានប្រជាពលរដ្ឋរស់នៅប្រមាណ៣លាននាក់។ រាជធានីភ្នំពេញមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមានអគារខ្ពស់ៗ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីរាជធានីភ្នំពេញនៅមានបញ្ហាប្រឈមដែលត្រូវដោះស្រាយ នោះគឺបញ្ហា កកស្ទះចរាចរណ៍ក៏ដូចជាបញ្ហាបរិស្ថានជាដើម។ ប៉ុន្តែការងារនេះអាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងដោះស្រាយឱ្យបានប្រសើរឡើង។
លោកបានបញ្ជាក់ថា៖ ជាគម្រោងរបស់រាជធានីភ្នំពេញ យើងចង់បង្កើតទីក្រុងរណបថ្មីមួយទៀត ដែលបច្ចុប្បន្ននេះយើងកំពុងតែរកដៃគូដើម្បីបង្កើតនៅទីក្រុងរណបថ្មីមួយដែលជាទីក្រុងវៃឆ្លាត។
លោក លីវ ហុងឈាន (H.E. Mr. Liu Hongjian) បានមានប្រសាសន៍លើកឡើងដែរថា៖ក្រោយមកដល់រាជធានីភ្នំពេញ ឃើញថារាជធានីភ្នំពេញពិតជាមានការអភិវឌ្ឍរីកចម្រើនខ្លាំង មានអគារខ្ពស់ៗច្រើន ពួកយើងខ្ញុំស្រឡាញ់រាជធានីភ្នំពេញ។
លោកបន្តថា៖ ទីក្រុងគួនមីញនិងរាជធានីភ្នំពេញបានមានទំនាក់ទំនងល្អជាមួយគ្នាជាច្រើនឆ្នាំមកហើយ ហើយនៅខែវិច្ឆិកាឆ្នាំ២០២៤នេះ ទីក្រុងគុនមិញនឹងមានកម្មវិធីដ៏ធំមួយដែលកម្មវិធីនេះទីក្រុងគុនមីងសូមអញ្ជើញប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចនៅទីក្រុងនេះ។
ជាបំណងរបស់លោក គឺចង់ឱ្យប្រជាជននៃទីក្រុងគុនមីញ មកទេសចរណ៍នៅរាជធានីភ្នំពេញក៏ដូចជានៅកម្ពុជាឱ្យបានច្រើន ហើយក៏មានបំណងឱ្យប្រជាពលរដ្ឋកម្ពុជាទៅទេសចរណ៍នៅទីក្រុងគុនមីញ ដើម្បីបានមើលផ្កាស្រស់ក៏ដូចជាថ្មសមុទ្រនៅទីក្រុងគុនមីញឱ្យបានច្រើនផងដែរ។
លោក លីវ ហុងឈានក៏បានលើកឡើង ពីស្ថានភាពទូទៅរបស់ទីក្រុងគុនមីញផងដែរ។ ទីក្រុងគុនមីញមានស្រុក ខណ្ឌចំនួន១៤ដូចរាជធានភ្នំពេញដែរ មានប្រជាពលរដ្ឋរស់នៅប្រមាណជាង៨លាននាក់ មានសីតុណភាពជាមធ្យមប្រចាំឆ្នាំគឺ ១៥អង្សាºc ជាទីក្រុងដែលមានផ្កាស្រស់ដែលអាចនាំផ្កាស្រស់ចេញទៅក្រៅប្រទេសបានប្រមាណ ១៣៥ ពាន់លានដើមក្នុងមួយឆ្នាំ ។ ទីក្រុងនេះក៏ជាទីក្រុងដែលអភិវឌ្ឍន៍ខ្លាំង ពិសេសលើវិស័យទេសចរណ៍៕. ដោយ សំរិត