ក្រុមហ៊ុន Uber ដែលជាក្រុមហ៊ុនសេវាកម្មដឹកជញ្ជូនដ៏ធំ បាននិយាយកាលពីថ្ងៃអង្គារ (14 ឧសភា) ថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Delivery Hero SE ដើម្បីទិញអាជីវកម្មដឹកជញ្ជូន Foodpanda នៅតៃវ៉ាន់ក្នុងតម្លៃ 950 លានដុល្លារ។
Uber បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនយក្សរបស់អាមេរិកនេះ នឹងប្រគល់សាច់ប្រាក់បង្គ្រប់ទិញយកFoodpanda វ៉ាន់នៅឆមាសទីមួយនៃឆ្នាំ 2025 ហើយកិច្ចព្រមព្រៀងនេះនឹងក្លាយទៅជាការទិញលក់ក្រុមហ៊ុនលក្ខណៈ អន្តរជាតិ ដ៏ធំបំផុតមិនធ្លាប់មាននៅកោះតៃវ៉ាន់។
លោក Pierre-Dimitri Gore-Coty អនុប្រធានជាន់ខ្ពស់ផ្នែកចែកចាយរបស់ Uber បាននិយាយថា “តៃវ៉ាន់គឺជាទីផ្សារប្រកួតប្រជែងដ៏ខ្លាំងក្លា ដែលសេវាកម្មចែកចាយអាហារតាមអ៊ីនធឺណិតនាពេលបច្ចុប្បន្ននេះ នៅមានទំហំតូចនៅឡើយ ប៉ុន្តែ យើងពិតជារំភើបចំពោះឱកាសក្នុងការផ្តល់នូវភាពងាយស្រួល និងគុណតម្លៃកាន់តែច្រើន ក្នុងសេវាកម្មដឹកជញ្ជូនចំណីអាហារឲ្យកាន់ល្អឡើងនាពេលខាងមុខ។“