ភ្នំពេញ ៖ ខណៈពេលដែលប្រជានុរាស្រ្ត អ្នកនយោបាយ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិកំពុងតែនាំគ្នាក្រាបបង្គំទូលថ្វាយព្រះសព្ទសាធុការពរថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ ព្រះវស្សា ។ នេះបើយោងតាមក្រុមការងារនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន សូមរំលេចនូវសមិទ្ធផលខ្លះៗដែលព្រះអង្គបានលះបង់ដើម្បីប្រជាជាតិ និងប្រជានុរាស្រ្តរបស់ព្រះអង្គ។
ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងព្រះបរមរាជសម្បត្តិអស់រយៈពេលប្រមាណជា២០ឆ្នាំកន្លងមកនេះ ព្រះករុណាជីវិតតម្កល់លើត្បូង ព្រះអង្គគឺជានិមិត្តរូបនៃសន្តិភាព ឯកភាពជាតិ និងការបង្រួបបង្រួមជាតិ។ បន្ទាប់ពីប្រសូត្រនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ ជីវិតរបស់ព្រះអង្គបានឆ្លងកាត់ព្យុះភ្លៀង និងរបត់នយោបាយជាច្រើន ដោយរួមមានតាំងពីការដណ្តើមឯករាជ្យពីអាណានិគមនិយមបារាំង ដែលព្រះបិតារបស់ព្រះអង្គបានដឹកនាំសម្រេចបាននៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ការធ្វើរដ្ឋប្រហារទម្លាក់ព្រះបិតារបស់ព្រះអង្គនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដែលបណ្តាលឱ្យព្រះអង្គត្រូវបែកបាក់ពីព្រះរាជវង្សានុវង្ស ដោយរួមទាំងការឃុំឃាំងនៅក្នុងព្រះបរមរាជវាំងដោយរបបខ្មែរក្រហម នៅក្នុងឆ្នាំ១៩៧៧ ហើយក្រោយមក ព្រះអង្គក៏បានភៀសព្រះកាយយាងទៅកាន់ទីក្រុងប៉េកាំងជាមួយ ព្រះបិតា ព្រះមាតា ហើយបន្តរស់នៅដោយនិរទេសព្រះកាយ រហូតដល់កម្ពុជាបានស្រុះស្រួលនយោបាយពីគ្រប់ភាគី តាមកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៩១ រហូតដល់ការបោះឆ្នោតនៅក្នុងឆ្នាំ ១៩៩៣ ហើយប្រកាសប្រទេសកម្ពុជាជាព្រះរាជាណាចក្រកម្ពុជាទី២ ឡើងវិញ រហូតមកដល់សព្វថ្ងៃនេះ។
បន្ទាប់ពីព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ដាក់រាជ្យសម្បត្តិនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានជ្រើសតាំងឱ្យឡើងសោយរាជ្យ ដោយសមាជិកទាំង ៩រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ហើយព្រះអង្គបានឡើងគ្រងរាជសម្បត្តិជាផ្លូវការនៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។
ក្នុងនាមជាព្រះមហាក្សត្រសោយរាជ្យ ប៉ុន្តែមិនកាន់អំណាច ព្រះអង្គបានគង់ជាម្លប់ ដល់ប្រជានុរាស្ត្រគ្រប់រូប។ ព្រះអង្គតំណាងឱ្យការឯកភាពជាតិ និងសាមគ្គីភាព ហើយបានបំពេញព្រះរាជតួនាទីយ៉ាងសកម្មក្នុងព្រះរាជសកម្មភាពមនុស្សធម៌។
ព្រះអង្គជាបង្គោលនៃទំនៀម ទម្លាប់ប្រពៃណី ជាម្លប់របស់ប្រជានុរាស្រ្ត បំពេញព្រះរាជកិច្ចមនុស្សធម៌ និង ជាអត្តសញ្ញាណជាតិ។ ក្នុងន័យនេះ ព្រះអង្គទ្រង់ មាន តួនាទី សំខាន់ ជា អ្នក ថែរក្សា មរតក ជាតិ និង ជា តំណាងឱ្យរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
គ្រប់កាយវិការ គ្រប់សកម្មភាព ព្រះអង្គតែងតែលើកកម្ពស់ភាពសុខដុមរមនាក្នុងចំណោមសហគមន៍ចម្រុះរបស់កម្ពុជា ជាពិសេសនៅក្នុងពិភពលោកដែលកំពុងតែស្ថិតនៅក្នុងបរិបទ នៃការប្រកួតប្រជែង និងចរន្តនៃការពង្រឹងពហុភាគីនិយម។
ព្រះករុណា តែងតែយកចិត្តទុកដាក់បំផុតចំពោះបញ្ហាសុខុមាលភាពសង្គម និងបុព្វហេតុមនុស្សធម៌។ ព្រះរាជសកម្មភាពទាំងនេះបានបង្ហាញថា ព្រះអង្គជាក្សត្រដែលមានព្រះទ័យ យកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា តាមរយៈការជួយឧបត្ថម្ភ គំនិតផ្តួចផ្តើមសប្បុរសធម៌ផ្សេងៗ និងការចូលរួមផ្ទាល់ខ្លួនជាមួយ ជនក្រីក្រ ដែលបង្ហាញពីឧត្តមគតិនៃក្តីមេត្តា និងសាមគ្គីភាព។
មកដល់ពេលនេះ គេដឹងថា ព្រះអង្គបានបរិច្ចាកព្រះរាជទ្រព្យសម្បត្តិរបស់ទ្រង់នៅក្នុងការកសាងសាលារៀន អាគារមន្ទីរពេទ្យបេះដូង មជ្ឈមណ្ឌលជាតិផ្តល់ឈាម មន្ទីរពេទ្យមហារីក រួមទាំងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩។ ព្រះករុណាក៏ជាព្រះមហាក្សត្រដែលយកចិត្តទុកដាក់ចំពោះវិស័យអប់រំ និង អភិរក្សវប្បធម៌ ហើយតែងតែបង្ហាញនូវភាពស្និទស្នាលនឹងប្រជានុរាស្រ្តរបស់ព្រះអង្គ ដោយមិនមានការរើសអើង។
សរុបសេចក្តីមកនៅក្នុងរយៈពេលប្រមាណជា ២០ឆ្នាំមកនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ទ្រង់ជានិមិត្តរូប និងជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្រ្តរបស់ទ្រង់ ដោយចាត់ទុកសុខទុក្ខរបស់រាស្រ្ត គឺជាសុខទុក្ខរបស់ព្រះអង្គ។ ព្រះរាជវត្តមានរបស់ព្រះអង្គ ជាសក្ខីភាពបញ្ជាក់ពីគ្រឹះដ៏រឹងមាំនៃរបបរាជាធិបតេយ្យនៅក្នុងសម័យឌីជីថល និងបដិវត្តន៍កម្មសង្គមដ៏ស្មុគស្មាញ។ ស្ថិតនៅក្រោមបរិបទនយោបាយ និងសង្គម នៅក្នុងចរន្តសកលភាវូបនីយកម្មនាពេលបច្ចុប្បន្ននេះ ទូលបង្គំយើងខ្ញុំសូមឆ្លៀតយកឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧១ យាងចូល៧២ ព្រះវស្សា សូមលើកព្រះហត្ថប្រណមបួងសួងដល់គុណព្រះរតនត្រ័យវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោក និង ព្រះបរមរាជានុញ្ញាតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាត ដើម្បីគង់ជាម្លប់ដ៏សុខដុមរមនាសម្រាប់ប្រជានុរាស្រ្តខ្មែរទៅអនាគតដោយមាន សន្តិភាព វិបុលភាព និងឯកភាពប្រកបដោយថាមវន្ត៕