មហាជនមានការពេញចិត្តជាខ្លាំងចំពោះសេចក្តីអំពាវនាវរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ឱ្យគាំទ្របន្លែផ្លែឈើក្នុងស្រុក

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអំពាវនាវប្រជាពលរដ្ឋខ្មែរឱ្យគាំទ្របន្លែ ផ្លែឈើក្នុងស្រុក នាំគ្នាទិញយកទៅបរិភោគ និងធ្វើជាប្រយោជន៍ផ្សេងៗ ខណៈក្នុងរយៈពេលនេះ ក៏ដូចកន្លងមក យើងតែងតែសង្កេតឃើញប្រជាកសិករមួយចំនួន បង្កបង្កើនផលបានបន្លែផ្លែឈើហើយ រកទីផ្សារលក់មិនចេញ ឬលក់ចេញដែរ ប៉ុន្តែតម្លៃទាបពេក ធ្វើឱ្យប្រជាកសិករមិនអាចទូទាត់តម្លៃដើម និងគ្រប់គ្រងជីវភាពបាន។ ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈបណ្តាញសង្គមកាលពីល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ដោយលោកស្រីបណ្ឌិត បានលើកឡើងថា ការជួយទិញ និងគាំទ្របន្លែ ផ្លែឈើក្នុងស្រុក គឺជួយដល់កសិករខ្មែរ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

ការអំពាវនាវរបស់លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានសាធារណជនមានការពេញចិត្តជាខ្លាំង ប៉ុន្តែពួកគេស្នើសុំបន្ថែមចំពោះការជួយគាំទ្របរិភោគ ឬក៏ទិញបន្លែផ្លែឈើរបស់កសិករក្នុងស្រុកដើម្បីធ្វើឱ្យពួកគាត់ទទួលបានជីវភាពរីកចម្រើន និងផ្គត់ផ្គង់ដល់ទីផ្សារបានរួមមាន៖
១- មន្ទីរកសិកម្ម-ការិយាល័យកសិកម្ម ខេត្ត-ស្រុក និងអាជ្ញាធរពាក់ព័ន្ធ ត្រូវតែចូលរួមបណ្ដុះបណ្ដាល ផ្ដល់បច្ចេកទេសនៃការដាំដុះ ធ្វើយ៉ាងណាឱ្យផលិតផលដំណាំទទួលបានទិន្នផលខ្ពស់ មានគុណភាព សុវត្ថិភាព មិនប៉ះពាល់ដល់សុខភាព។
២- ជួយរកទីផ្សារ ដូចជាត្រូវបានដាក់លក់នៅតាមផ្សារទំនើប ឬកន្លែងណាមួយ ឬបោះឱ្យម៉ូយនៅតាមភោជនីយដ្ឋាន ហាងលក់ម្ហូបអាហារនានាឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។
៣- ធ្វើយ៉ាងណាទប់ស្កាត់ ឬកាត់បន្ថយ ការនាំចូលបន្លែផ្លែឈើពីប្រទេសជិតខាង និងធ្វើការត្រួតពិនិត្យបន្លែផ្លែឈើ ដែលអន់គុណភាព ព្រមទាំងអាចមានជាតិគីមីជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print