ភ្នំពេញ៖ យោងតាមរយៈទំព័រហ្វេសប៊ុករបស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៤នេះ បានស្នើឱ្យសារព័ត៌មាន ខេមបូឌាដេលី (The Cambodia Daily) ត្រូវធ្វើការសុំទោសជាសាធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់។
លោក កត្តា អ៊ន បានលើកឡើងតាមរយៈទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា ការផ្សាយរបស់សារព័ត៌មាន ខេមបូឌាដេលី (The Cambodia Daily ) កាលពីយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៤ ជាការផ្សាយនូវព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ជាសាធារណៈមកលើថ្នាក់ដឹកនាំ និងមន្ត្រី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយចោទប្រកាន់ថា ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងពាក់ព័ន្ធមុខរបរ បញ្ជូនពលករទៅធ្វើការនៅបរទេស និងមុខរបរផ្សេងៗ ទៀត។
លោកអ្នកនាំពាក្យ បន្តថា ការផ្សាយនេះ ជាការប្រឌិតនូវព័ត៌មាន និងប្រភពព័ត៌មាន ក្នុងចេតនាញុះញង់ឲ្យមានការយល់ច្រឡំ រើសអើង និងបំបែកបំបាក់មន្ត្រីរាជការ និងសង្គមជាតិ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ និងមន្ត្រី ដែលនេះជាទង្វើគ្មានវិជ្ជាជីវៈ គ្មានក្រមសីលធម៌សារព័ត៌មាន និងគ្មានការទទួលខុសត្រូវ។
ជាមួយគ្នានេះ លោក កត្តា អ៊ន ក៏បានស្នើឲ្យ សារព័ត៌មាន ខេមបូឌាដេលី (The Cambodia Daily) ត្រូវធ្វើការសុំទោសជាសាធារណៈ និងកែតម្រូវការផ្សាយរបស់ខ្លួនជាបន្ទាន់។
គួតបញ្ជាក់ថា សារព័ត៌មាន ខេមបូឌាដេលី (The Cambodia Daily) កាលពីយប់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការចុះផ្សាយព័ត៌មានប្រឌិត ខុសវិជ្ជាជីវៈ និងប្រើប្រាស់ពាក្យពេចន៍អសីលធម៌ ព្រមទាំងដាក់ខេបសិននៅលើឃ្លីបវីដេអូរបស់ខ្លួនថា «មន្ត្រីរដ្ឋាភិបាល ទម្លាយថា ប្រពន្ធដើម និងប្រពន្ធចុងលោក ហេង សួរ កាក់កបក្នុងមុខរបរនាំពលករទៅបរទេស ដោយសារមានប្តីជាខ្នងបង្អែក» ដែលទង្វើនេះ គឺជាចេតនាញុះញង់ឲ្យមានការយល់ច្រឡំ រើសអើង បំបែកបំបាក់មន្ត្រីរាជការ និង សង្គមជាតិ៕ដោយ៖តារា