សិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាព មន្ត្រីអនុគណៈកម្មាធិការវិនិយោគខេត្តមណ្ឌលគិរី

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ លោក ទ្រី ដាលុច អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីរៀបចំ និងអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីអនុគណៈកម្មាធិការវិនិយោគខេត្តមណ្ឌលគិរី។ សិក្ខាសាលានេះក៏បានមានការអញ្ជើញចូលរួមពី លោក អ៊ុំ ឃន សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី, លោក នួន សារ៉ន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី, តំណាងសភាពាណិជ្ជកម្មខេត្តមណ្ឌលគិរី, ពាណិជ្ជករ និងតំណាងមន្ទីរជំនាញពាក់ព័ន្ធចំណុះឱ្យរដ្ឋបាលខេត្តសរុបប្រមាណចំនួន ៨៦  រូប។

ជាកិច្ចចាប់ផ្តើមនៃសិក្ខាសាលា លោក នួន សារ៉ន អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី តំណាងលោក ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះវត្តមានគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ព្រមទាំងបានជម្រាបអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សមិទ្ធផលមួយចំនួនពាក់ព័ន្ធនឹងកិច្ចការវិនិយោគ សក្ដានុពល និងស្ថានភាពសេដ្ឋកិច្ចរបស់ខេត្តមណ្ឌលគិរី។

នៅក្នុងសុន្ទរកថាបើក លោក ទ្រី ដាលុច បានថ្លែងពីគោលបំណងចម្បងនៃសិក្ខាសាលានាព្រឹកនេះ សំដៅដល់ការលើកកម្ពស់ការយល់ដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការវិនិយោគប្រកបដោយតម្លាភាព ជាពិសេសនីតិវិធីនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទាំងនេះជូនថ្នាក់ដឹកនាំ និងមន្ត្រីនៃអនុគណៈកម្មាធិការវិនិយោគខេត្តមណ្ឌលគិរី។ លោក អគ្គលេខាធិការរង បានបន្តទៀតថាតាមរយៈច្បាប់ និងអនុក្រឹត្យនេះ អនុគណៈកម្មាធិការវិនិយោគខេត្តមណ្ឌលគិរី បានទទួលប្រតិភូកម្មសិទ្ធិអំណាចក្នុងការពិនិត្យ និងសម្រេចលើការចុះបញ្ជី, ការផ្តល់ការលើកទឹកចិត្ត, ការធានា, ការទិញ, ការលក់, ការរួមបញ្ចូលគ្នា, ការលុប, និងការដោះស្រាយវិវាទពាក់ព័ន្ធនឹងគម្រោងវិនិយោគឯកជន ដែលមានទុនវិនិយោគសមមូល នឹង ៥លានដុល្លារអាម៉េរិកចុះ ដែលនេះជាការពង្រីកដែនសមត្ថកិច្ចដល់អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ លើសពីនេះ លោកអគ្គលេខាធិការរងមានសង្ឃឹមយ៉ាងមុតមាំថា តាមរយ:សិក្ខាសាលានាថ្ងៃនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង ដើម្បីអនុវត្តនូវសិទ្ធិអំណាចដែលត្រូវបានប្រគល់ជូនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងស្មារតី ទទួលខុសត្រូវខ្ពស់។ លោកអគ្គលេខាធិការរង ក៏បានពាំនាំនូវវត្ថុអនុស្សាវរីយ៍ក្រមា,ថវិកាចំនួន ១០០,០០០ រៀលក្នុងម្នាក់ និងកម្រងឯកសារ រួមមានច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងវិនិយោគ ព្រមទាំងឯកសារបទបង្ហាញរបស់វាគ្មិនជូនដល់សិក្ខាកាមផងដែរ។

ជាកិច្ចបញ្ចប់ សិក្ខាកាមចូលរួមបានបង្ហាញការយកចិត្តទុកដាក់ខ្ពស់ និងបានចោទសួរយ៉ាងផុលផុស ព្រមទាំងសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលផ្តួចផ្តើមរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់នេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print