ភ្នំពេញ÷ «ធ្វើវិញ្ញាសាពេលព្រឹក ប្រឡងពេលរសៀល។»
«អ្នកតាក់តែងវិញ្ញាសាត្រូវបានជ្រើសរើស ក្នុងចំណោមជម្រើសជាច្រើនរូប»។«វិញ្ញាសាត្រូវបានរៀបចំលើសពីមួយជម្រើស ជ្រើសរើសវិញ្ញាសាភ្លាម ថតចម្លងភ្លាម វេចខ្ចប់ភ្លាម ប្រឡងភ្លាមៗ។»
ទាំងនេះជានីតិវិធីមួយចំនួននៃដំណាក់កាលតាក់តែងវិញ្ញាសាសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល។ ដូចសព្វមួយដង រាល់ការប្រឡងប្រជែងតែងតែអនុវត្តតាមនិយាមនីតិវិធីប្រតិបត្តិនៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិល ដែលការរៀបចំតាក់តែងវិញ្ញាសា នៅពេលព្រឹក ហើយប្រឡងនៅពេលរសៀល។
ខណៈនេះលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានចុះពិនិត្យសកម្មភាពតាក់តែង និងជ្រើសរើសវិញ្ញាសា របស់គណៈមេប្រយោគ នៃគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យាល័យ ឱ្យចូលបម្រើការងារក្នុងក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នាមណ្ឌលប្រឡងវិញ្ញាសាសរសេរលើកទី២ ស្ថិតក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
ស្របពេលជាមួយគ្នានេះផងដែរ គណៈកម្មការមេ ប្រយោគ កំពុងដំណើរការរៀបចំ និងតាក់តែងវិញ្ញាសា សម្រាប់បេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូអនុវិទ្យា ល័យ (វិញ្ញាសាសរសេរលើកទី២) យ៉ាងសស្រាក់សស្រាំ និងដោយសម្ងាត់ពីសាស្ត្រាចារ្យជំនាញ ដោយ មានការតាមដានឃ្លាំមើលពីអ្នកសង្កេតការណ៍មកពីអង្គភាពប្រឆាំងអំពើពុករលួយ តំណាងសាកលវិទ្យាល័យនានា សហភាពសហព័ន្ធយុវជនកម្ពុជា និងសាធារណជនដែលបានចុះឈ្មោះចូលរួមដោយ ស្ម័គ្រចិត្ត។ បន្ទាប់ពីវិញ្ញាសាត្រូវបានតាក់តែងចប់រួចរាល់ លើសពីមួយជម្រើស វិញ្ញាសាចំនួនតែមួយជម្រើសតែប៉ុណ្ណោះនឹងត្រូវបានជ្រើសរើសដោយឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលជាប្រធានគណៈកម្មការរៀបចំការប្រឡង មុនវិញ្ញាសាទាំងនោះត្រូវបានថតចម្លង និងបន្តនីតិវិធី។
សូមបញ្ជាក់ថា វិញ្ញាសាកំពុងតាក់តែងនាពេលនេះ រួមមានមុខវិជ្ជាឯកទេសគណិតវិទ្យា, រូបវិទ្យា, គីមីវិទ្យា, ជីវវិទ្យា, ភាសាអង់គ្លេស, ភាសាបារាំង និងមុខវិទ្យាឯកទេសទី១ ទី២ អាស្រ័យទៅតាមប្រភេទនៃប្រព័ន្ធបណ្តុះបណ្តាលដែលបានកំណត់ តាមប្រភេទបរិញ្ញាបត្រ៕