ខេត្តតាកែវ ៖ គ្រួសារមានសមាជិកពិការ ៣នាក់ម្តាយនិងកូន ជិវិតរស់នៅទាំងត្រដាបត្រដួស រស់បានដោយសារ កូនស្រីលក់នំបន្តិចបន្តួចនិងអ្នកភូមិផងរបងជាមួយជួយ ។
ជាការពិតណាស់ ភាពក្រខ្សត់ អត់ទាំងទ្រព្យ ខ្វះទាំងកាយសម្បទា មិនគ្រប់គ្រាន់ ក្នុងប្រកបការងារ ម្តាយដេកនៅនឹងកន្ទេល មួយកន្លែង ដោយពិការខ្នង កូនប្រុសច្បងពិការជើង នៅរកិលគូថមួយកន្លែង រីឯកូនស្រីពៅ ពិការដៃ តែអាចលក់នំបន្តិចបន្តួច គ្រាន់ចិញ្ចឹមម្តាយ និងបងប្រុស ជាគ្រួសារទុរគត រស់ក្រោមដំបូល ខ្ទម ប្រក់ស្លឹក បិទបាំងជញ្ជាំង រខេរខាក ដោយស្លឹកធាង ក្នុងភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោង ស្រុកអង្គរបុរី ខេត្តតាកែវ ។
ជីវិតកម្សត់៣នាក់ម្តាយកូន ដោយម្តាយមានឈ្មោះ ទៀង ស្រេង អាយុ៧០ឆ្នាំ ចាស់ជរា មេម៉ាយ ពិការខ្នងងើបមិនរួច កូនប្រុស ឈ្មោះ សុខ ហឿន អាយុ៤៥ឆ្នាំ ពិការជើងទាំងពីរ រំកិលវិលនៅមួយកន្លែង រីឯកូនស្រី ឈ្មោះ សុខ ស្រឿន អាយុ៤០ឆ្នាំ ពិការដៃ តែអាចលក់នំ បន្តិចបន្តួចគ្រាន់ចិញ្ចឹមម្តាយ និងបងប្រុស ។
តាមលោក ចាន់ កែវ មេភូមិកំពង់ពោធិ៍ ឃុំព្រែកផ្ទោង រស់នៅក្នុងភូមិឃុំខាងលើ បានឲ្យដឹងថា គ្រួសារខាងលើមានសមាជិក៣នាក់ សុទ្ធតែជាមនុស្សពិការ អាវយវៈ រស់នៅពោរពេញទៅដោយក្តី កម្សត់ ទុក្ខវេទនា ដោយសព្វថ្ងៃ បានកូនស្រី ថ្វីកាលបើពិការដៃ តែអាចដើរលក់នំបន្តិចបន្តួច គ្រាន់បានកម្រៃ លុយកាក់តិចតួច មកចិញ្ចឹម ផ្គត់ផ្គង់ក្នុងគ្រួសារ ដោយក្តីលំបាក រកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក ទាំងក្តីត្រដរស់នាមថារស់ក្នុងឆាកជីវិត ។លោកមេភូមិបន្តទៀតថា ថ្វីបើរបរកូនស្រី លក់នំ តិចតួចក៏ពិតមែន បើប្រៀបធៀបទៅនឹង ជិវិតរស់ប្រចាំថ្ងៃ ខុសដាច់ឆ្ងាយណាស់ មិនគ្រប់ មិនគ្រាន់ ហើយរស់ក៏ដោយសារញាតិជិតខាង ភូមិផងរបងជាមួយ ហុចជាបាយ ជាថវិការតិចតួច ។
តាមប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បានឲ្យដឹងថា គ្រួសារពិការ៣នាក់ម្តាយកូន ពិតជា ក្រតោកយ៉ាក ប្រាកដមែន រស់បានសព្វថ្ងៃ ទាំងជីវភាពក្រខ្សត់រកអង្ករច្រកឆ្នាំងស្ទើរពុំបានផង ដោយក្តីមនុស្សធម៌ ក្តីអាណិត ពីអ្នកជិតខាង ជួនឲ្យបាយ ជួនឲ្យជាអង្ករគ្រាន់រស់កំដរដល់ថ្ងៃស្លាប់ ។
ដោយទុក្ខលំបាកវេទនា របស់គ្រួសារខាងលើ ទើបសម្រេចចិត្តលើកដៃ អង្វរករដល់សប្បុរសជនមេត្តាជួយ ដល់ មនុស្សពិការ៣នាក់កូន ខណះកំពុងប្រឈមមុខ ទៅនឹងភាព អត់ឃ្លាន ៕
ដោយ៖សុខាសែនជ័យ