ទូរទស្សន៍ជាតិអុីរ៉ង់ថ្ងៃនេះ (ថ្ងៃទី 20 ឧសភា) បានបញ្ជាក់ថា ប្រធានាធិបតី Ebrahim Raisi ត្រូវបានស្លាប់នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ ហើយបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងដោយសារតែកតាអាកាសធាតុអាក្រក់។
ទីភ្នាក់ងារ Anadolu និង BBC បានផ្សាយថា អតីតរដ្ឋមន្ត្រីការបរទេសអុីរ៉ង់ Mohammad Javad Zarif បានអះអាងថា សហរដ្ឋអាមេរិកជាផ្នែកមួយទទួលខុសត្រូវចំពោះការធ្លាក់ឧទ្ធម្ភាគចក្រដឹកប្រធានាធិបតី Ebrahim Raisi ។ នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ លោក Zarif បានរិះគន់ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដោយនិយាយថា វិធានការទាំងនោះបានរារាំងអុីរ៉ង់ពីការទទួលបានឧបករណ៍អាកាសចរណ៍ដែលមានគុណភាព។
អ្នកឆ្លើយឆ្លងព័ត៌មាន BBC លោក Jeremy Bowen បាននិយាយថា ដោយសារតែការដាក់ទណ្ឌកម្មជាច្រើនឆ្នាំ យន្តហោះរបស់អុីរ៉ង់លែងមានសុវត្ថិភាពទៀតហើយ ព្រោះវាមិនអាចជំនួសដោយផ្នែកថ្មីបានទេ។
អង្គការអឌ្ឍចន្ទក្រហមទើបតែបានបញ្ចេញវីដេអូមួយដែលបង្ហាញពីសាកសពរបស់ប្រធានាធិបតីអុីរ៉ង់ និងអ្នកដែលអមដំណើរគាត់ត្រូវបាននាំយកទៅកាន់ Tabriz ។ ប្រធានអង្គការនេះ លោក Pir Hossein Kolivand បាននិយាយថា យុទ្ធនាការស្វែងរកបានបញ្ចប់។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Tasnim របស់ប្រទេសអុីរ៉ង់ ពិធីបុណ្យសពរបស់ប្រធានាធិបតី និងអ្នកផ្សេងទៀតនៅលើឧទ្ធម្ភាគចក្រដែលបានធ្លាក់នឹងធ្វើឡើងនៅថ្ងៃទី 21 ខែឧសភា នៅក្នុងទីក្រុង Tabriz ។ កន្លងមក មេដឹកនាំកំពូលរបស់អុីរ៉ង់ លោក Ayatollah Ali Khamenei បានចេញសេចក្តីប្រកាសជាផ្លូវការនៃការកាន់ទុក្ខជាតិចំនួន 5 ថ្ងៃសម្រាប់ប្រធានាធិបតី Raisi និងអ្នកដទៃទៀត។
ថ្ងៃនេះ គណៈរដ្ឋមន្ត្រីអុីរ៉ង់បានតែងតាំងអនុរដ្ឋមន្ត្រីការបរទេស Ali Bagheri Kani ដែលដឹកនាំគណៈប្រតិភូអុីរ៉ង់ក្នុងការចរចាមិនផ្ទាល់ជាមួយអាមេរិកលើបញ្ហានុយក្លេអ៊ែរ – ជារដ្ឋមន្ត្រីការបរទេសអុីរ៉ង់ស្តីទី អនុប្រធានាធិបតី Mohammad Mokhber ជាប្រធានាធិបតី។ រដ្ឋធម្មនុញ្ញអុីរ៉ង់ចែងថា អនុប្រធានាធិបតីទីមួយនឹងកាន់អំណាចរយៈពេល ៥០ ថ្ងៃបណ្តោះអាសន្ន ប្រសិនបើប្រធានាធិបតីទទួលមរណភាពក្នុងពេលកាន់តំណែង៕ ដោយធីរីណា
រូបថត: Reuters