ខេត្តក្រចេះ៖ ក្រុមចោរប្លន់ប្រដាប់អាវុធយ៉ាងតិចមានគ្នា៧នាក់ ប្រដាប់ដោយអាវុធវែងខ្លី បានមកធ្វើសកម្មភាពចូលប្លន់ផ្ទះប្រជាពលរដ្ឋកាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីប្លន់ខាងលើនេះ បង្កឡើងដោយជនសង្ស័យមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយចំនួន៧នាក់ ពួកគេប្រដាប់ដោយកាំភ្លើងវែងខ្លី ហើយធ្វើសកម្មភាពភ្ជង់ប្លន់ និងវាយយ៉ាងធ្ងន់ ទៅលើស្ត្រីជាម្ចាស់ផ្ទះមួយរូបឈ្មោះ សួង ហុង អាយុ៤៦ឆ្នាំ ត្រូវបានក្រុមចោរប្លន់ វាយនឹងអាវុធខ្លី ត្រូវចំសៀតផ្កាផ្នែកខាងឆ្វេងរងរបួសធ្ងន់ ។ សមត្ថកិច្ចបន្តថា ក្រោយមកពួកចោរប្លន់ បានយកអាវចងជនរងគ្រោះ ជាកូនម្ចាស់ផ្ទះឈ្មោះ តាំង វណ្ណធី អាយុ១៦ឆ្នាំ ។ ដោយឡែក ប្តីស្ត្រីរងគ្រោះ ឈ្មោះតាំង ម៉ានី អាយុ៤១ឆ្នាំ ខណៈក្រុមចោរប្លន់កំពុងធ្វើសកម្មភាពវាយប្រពន្ធ និងចងកូនប្រុស ក៏បានជិះម៉ូតូមកពីខាងក្រៅ ដោយមិនបានដឹងហេតុការណ៍ មកដល់មុខផ្ទះ ក៏ត្រូវក្រុមចោរប្លន់បាញ់គំរាម១គ្រាប់ ប៉ុន្តែមិនត្រូវ ទើបក្រុមចោរប្លន់បាននាំគ្នារត់គេចខ្លួនពីកន្លែងកើតហេតុដោយសុវត្ថិភាព ។
សមត្ថកិច្ចបានបន្តថា ទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ដែលត្រូវបានក្រុមចោរប្លន់ប្រមូលយកទៅរួមមាន ខ្សែដៃមាស២ដំឡឹង ក្រវិលប្លាកទីន១ជី ចិញ្ចៀនប្លាកទីន១ជី ទូរស័ព្ទដៃ៣គ្រឿង និងលុយមួយចំនួនទៀត ។
សាក្សីបាននិយាយថា ក្រោយពីធ្វើសកម្មភាពរួច បក្ខពួកចោរប្លន់បាននាំគ្នាផ្លោះរបងផ្នែកខាងក្រោយផ្ទះរត់គេចខ្លួនដោយសុវត្ថិភាព ហើយខណៈនេះ សមត្ថកិច្ចទាំងកម្លាំងនគរបាលស្រុក ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ កំពុងចុះទៅកាន់កន្លែងកើតហេតុ ដើម្បីកំណត់បទល្មើស បើកការស៊ើបអង្កេតស្រាវជ្រាវតាមនីតិវិធី ។
គួររំលឹកថា កន្លងមកមានករណីប្លន់ប្រដាប់អាវុធ បានកើតមានជាបន្តបន្ទាប់នៅទឹកដីស្រុកស្នួល ខេត្តក្រចេះ ក្នុងនោះ ជនរងគ្រោះ រងគ្រាប់កាំភ្លើងស្លាប់ និងរបួសជាបន្តបន្ទាប់ ហើយប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ សមត្ថកិច្ច យកចិត្តទុកដាក់ ពង្រឹងនូវសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ជូនពួកគាត់តាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពនោះផង ៕
ដោយ៖ សុខ ខេមរា