សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងធ្វើជាប្រធានដឹកនាំ «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី» នៅខែវិច្ឆិកា ខាងមុខនេះ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា នឹងធ្វើជាប្រធានដឹកនាំ «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី» នៅខែវិច្ឆិកា ខាងមុខនេះ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា នៅយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤។

គណបក្សប្រជាជនកម្ពុជា មានកិត្តិយសសូមប្រកាសជូនសាធារណជនជ្រាបថា ៖ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាប្រធានដឹកនាំ «មហាសន្និបាតលើកទី១២ នៃសន្និសីទអន្តរជាតិនៃបណ្តា គណបក្សនយោបាយនៅអាស៊ី» (12 ICAPP GA) (អាណត្តិឆ្នាំ២០២៤-២០២៥) ដែលនឹងប្រព្រឹត្តទៅនៅ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

នៅក្នុងជំនួបជាមួយ លោក ជុង អីយ៉ុង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ICAPP កាលពី ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំធ្វើជា ម្ចាស់ផ្ទះមហាសន្និបាត ICAPP លើកទី១២ កិច្ចប្រជុំក្រុមប្រឹក្សាវប្បធម៌អាស៊ីលើកទី៣ វេទិកាសារព័ត៌មាន ICAPP លើកទី៧ និងកិច្ចប្រជុំពាក់ព័ន្ធ ដោយមានការចូលរួមពីគណបក្សនយោបាយនៅអាស៊ី និងតំណាង ក្រុមគណបក្សនយោបាយជាដៃគូមកពីតំបន់អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន។

សូមជម្រាបជូនផងដែរថា ៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សទីមួយនៅក្នុងគ្រួសារ ICAPP ដែលនឹងទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាត ICAPP ចំនួន ២លើក ក្នុងនោះកម្ពុជាបានទទួលធ្វើជា ម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP លើកទី៦ កាលពីឆ្នាំ២០១០ ក្រោមប្រធានបទ “ស្វែងរកអនាគត កាន់តែប្រសើរសម្រាប់អាស៊ី (Asia’s Quest for a Better Tomorrow) និងមហាសន្និបាត ICAPP លើក ទី១២ នាឆ្នាំ២០២៤ នេះ ក្រោមប្រធានបទ “ការស្វែងរកសន្តិភាពនិងការផ្សះផ្សា (A Quest for Peace and Reconciliation) ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print