ខេត្តបាត់ដំបង៖ យោងតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសំពៅលូន បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤នេះថា បុរសម្នាក់ បានស្លាប់បាត់បងជីវិតដោយសារតែករណីរន្ទះបាញ់ ខណៈមេឃកំពុងភ្លៀងធ្លាក់ខ្យល់លាយលំ និងកន្ត្រាក់លាយលំ កាលពីម្សិលមិញនេះ។
សមត្ថកិច្ចបន្តថា ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៣និង៣០នាទីរសៀលថ្ងៃទី២០ ខែឧសភាម្សិលមិញនេះ នៅចំណុចភូមិថ្លុកសង្កែ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេ បណ្ដាលឱ្យមានករណីរន្ទះបាញ់មនុស្ស កើតឡើងចំនួន ០១លើក បណ្ដាលឲ្យបុរសម្នាក់ស្លាប់។
ជនរងគ្រោះឈ្មោះ សាន ប្រុស ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបឹងត្រកួន ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំពោះមូលហេតុខណៈដែលជនរងគ្រោះកំពុងដើរមើលចម្ការ ពេលដែលមេឃកំពុងធ្លាក់ភ្លៀង ទើបបណ្តាលឱ្យរន្ទះបាញ់ស្លាប់តែម្ដង។
បច្ចុប្បន្នសមត្ថកិច្ចស្រុកសំពៅលូន បានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖តារា