រូបប្រាសាទអង្គរវត្តចម្លង រូបចម្លាក់ វត្ថុសិល្បៈ និងផ្កាអ័រគីដេរបស់ខ្មែរត្រូវបាននាំយកទៅបង្ហាញនៅក្នុងកម្មវិធីពិព័រណ៌ អ័រគីដេនៃអង្គរវត្ត នៅលើទឹកដីប្រទេសសិង្ហបុរី

ចែករំលែក៖

ភ្នំពេញ ៖ រូបប្រាសាទអង្គរវត្តចម្លង រូបចម្លាក់ វត្ថុសិល្បៈ និងផ្កាអ័រគីដេរបស់ខ្មែរត្រូវបាននាំយកទៅបង្ហាញនៅក្នុងកម្មវិធីពិព័រណ៌ អ័រគីដេនៃអង្គរវត្ត នៅលើទឹកដីប្រទេសសិង្ហបុរី។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ៖ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅឧទ្យានមាត់សមុទ្រ ( The Gardens by the Bay) ក្នុងប្រទេសសិង្ហបុរី មានរៀបចំកម្មវិធីបើកការតាំងពិព័រណ៍ផ្កាអ័រគីដេនៃអង្គរវត្ត(Orchids of Angkor Wat) ក្រោមអធិបតីភាពស្ថានទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី និងលោក Eric Chua រដ្ឋលេខាធិការជាន់ខ្ពស់នៃក្រសួងវប្បធម៌ សហគមន៍ និងយុវជននៃប្រទេសសិង្ហបុរី។

លោកឯកអគ្គរាជទូត បានថ្លែងថាព្រឹត្តិការណ៍ដ៏មានសារ:សំខាន់នេះ រៀបចំក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីប្រទេសកម្ពុជា និងបង្ហាញប្រទេសកម្ពុជាឱ្យភ្ញៀវទេសចរណ៍អន្តរជាតិកាន់តែស្គាល់ ក៏ដូចជាជំរុញភាពរឹងមាំនៃទំនាក់ទំនងរវាងប្រទេសប្រទេសកម្ពុជា-សិង្ហបុរី និងទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

លោកបានបន្ថែមថា ប្រាសាទអង្គរវត្តរបស់ប្រទេសកម្ពុជា និងសួនកម្សាន្ត The Garden by the Bay របស់សិង្ហបុរី គឺជាកន្លែងពីរក្នុងចំណោមកន្លែងដែលមានអ្នកទស្សនាច្រើនបំផុតនៅអាស៊ីអាគ្នេយ៍។ ប្រាសាទអង្គរវត្តជាប់លេខ១ ហើយ Gardens by the Bay ជាប់លេខ២។ លោកសង្ឃឹមថា ការតាំងពិព័រណ៍នេះនឹងទាក់ទាញភ្ញៀវទេសចរណ៍នៅThe Garden by the Bay ហើយក៏នឹងមានភ្ញៀវទេសចរណ៍េជាច្រើនទៀតនឹងមកទស្សនាប្រាសាទអង្គរវត្តពិតរបស់កម្ពុជា។

សូមបញ្ជាក់ថា ការតាំងពិព័រណ៍នេះ សហការរៀបចំឡើងដោយស្ថានទូតខ្មែរប្រចាំប្រទេសសិង្ហបុរីនិង The Garden by the Bay និងគាំទ្រដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈសិល្បៈនៃប្រទេសកម្ពុជា ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់នៃប្រទេសកម្ពុជា ក្រសួងវប្បធម៌ សហគមន៍ និងយុវជន និងក្រសួងអភិវឌ្ឍន៍សង្គម និងគ្រួសារនៃប្រទេសអូស្ត្រាលី។ ការតាំងពិព័រណ៌នេះ នឹងបន្តវត្តមាននៅទីនេះរយៈពេល៤ខែ រហូតដល់ថ្ងៃទី៨ ខែកញ្ញា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print